អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី អាហ្វហ្គានីស្ថាន កើនដល់៦០០នាក់

កាប៊ុល ៖ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅប្រទេសអាហ្វហ្គានីស្ថាន បានកើនដល់ចំនួន ជាង៦០០នាក់ហើយ។

ក្រសួងមហាផ្ទៃ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ ដ៏ធំមួយ កំពុងដំណើរការ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ និងការរញ្ជួយដី ជាច្រើនទៀត។ ការរញ្ជួយដីបានកើតឡើង នៅមុនពាក់កណ្តាលអធ្រាត្រ ដោយអង្រួនអគារ ពីទីក្រុងកាប៊ុល ទៅដល់ រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសជិតខាង គឺ ប្រទេសប៉ាគីស្ថាន។

អ្នកនាំពាក្យ ក្រសួងបានអះអាងថា «មនុស្សចំនួន ៦១០ នាក់ បានស្លាប់ និង ១,៣០០ នាក់បានរងរបួស នៅក្នុងខេត្ត Kunar ជាមួយនឹងផ្ទះជាច្រើន ត្រូវបានបំផ្លាញ»។ ប្រភពថា នៅមានមនុស្ស ២៥៥នាក់ ផ្សេងទៀត រងរបួស។

អាជ្ញាធរតាលីបង់ និងអង្គការសហប្រជាជាតិ ហៅកាត់ UN បានចល័តក្រុមការងារ ក្នុងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ ទៅកាន់តំបន់ ដែលរងគ្រោះខ្លាំង។

អង្គការសហប្រជាជាតិ បាននិយាយ នៅលើបណ្តាញសង្គម X ថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារតំបន់ ភាគខាងកើត ហើយ អះអាងថា ក្រុមការងារកំពុងផ្តល់ជំនួយសង្គ្រោះបន្ទាន់ និង ជំនួយសង្គ្រោះជីវិត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner