អាជ្ញាធរក្រុងកំពង់ចាមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្ត ចែករំលែកព័ត៌មានណាមួយ
កំពង់ចាម៖ លោក ខា វល័ក្ខ អភិបាលរងក្រុងកំពង់ចាមបានអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ ។សូមពិនិត្យប្រភពឱ្យបានច្បាស់លាស់។

លោកបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសបិទយុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយនៅចំណុចផ្សារធំកំពង់ចាម ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលកម្មវិធីនេះ រៀបចំដោយមន្ទីរព័ត៌មានខេត្តកំពង់ចាម សហការជាមួយ អាជ្ញាធរក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។

លោកអភិបាលរងក្រុងកំពង់ចាមបញ្ជាក់បន្ថែមថាយុទ្ធនាការបញ្ជ្រាបការយល់ដឹង និងប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រុមការងារមន្ទីរព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបច្ចុប្បន្ន ព័ត៌មានក្លែងក្លាយ កំពុងមក្លាយជាប្រធានបទ ដ៏ក្ដៅគគុក នាំឱ្យអ្នកមើល ឬអ្នកទស្សនា ឈឺក្បាលក្នុងការបែងចែកថា ព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ ។ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នានិងសូមចូលរួមចែកចាយព័ត៌មានពិត ព័ត៌មានល្អៗ និងព័ត៌មានណា ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គម ៕
ដោយ៖លី ពៅ


