ក្រសួងអប់រំពិនិត្យដំណើរការផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ បេក្ខជនប្រឡងបាក់ឌុប នៅមណ្ឌលចំនួន ២នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈ ទូទាំងប្រទេសកំណែ ចុះពិនិត្យសកម្មភាព នៃការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង (មុខវិជ្ជា គីមីវិទ្យា) និងវិទ្យាល័យបឹងត្របែក (មុខវិជ្ជា ជីវវិទ្យា)។

ក្នុងការចុះត្រួតពិនិត្យនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយ ប្រធាន អនុប្រធានមណ្ឌលកំណែ និងសមាជិកគណ:កម្មការទាំងអស់ ដែលកំពុងយកចិត្តទុកដាក់បំពេញភារកិច្ច និងអនុវត្តគោលការណ៍ គោរពវិន័យយ៉ាងតឹងរឹង តាមម៉ោងកំណត់ នៅតាមបន្ទាប់រៀងៗខ្លួន ដោយទ្វារមណ្ឌលត្រូវបានបិទជិត មិនអនុញ្ញាតឱ្យមានការចេញ ឬចូលក្នុងម៉ោងធ្វើការ ជាពិសេសមិនមានការប្រើប្រាស់ ទូរស័ព្ទ ឧបករណ៍អេឡិចត្រូនិកនានាឡើយ។

ក្រសួងបានបន្តឱ្យដឹងថា ស្ថានភាពទូទៅនៅមណ្ឌលកំណែមានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ដោយមានការចូលរួមពិនិត្យដំណើរការនៃការផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ពីសំណាក់ក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ។

គួរបញ្ជាក់ដែរថា ក្នុងដំណើរការកំណែដែលមានរយៈពេល ១សប្តាហ៍នេះ ប្រធានកំណែ ត្រូវទៅយកដុំកិច្ចការបេក្ខជនពីគណៈកម្មការបែងចែកសន្លឹកកិច្ចការបេក្ខជនតាម លេខរៀងក្រុម ដើម្បីចែកជូនសមាជិកកែនិងត្រូវណែនាំ ជាពិសេសត្រូវបន្តក្រើនរំឭកសមាជិករបស់ខ្លួនជាប្រចាំ ឱ្យបំពេញការងារដោយហ្មត់ចត់ និងយកចិត្តទុកដាក់បំផុត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner