ថៃជួបប្រទះនឹងព្យុះមួយទៀត

បាងកក ៖ ព្យុះត្រូពិច ណុងហ្វា គឺជាព្យុះមួយទៀត ដែលបានវាយប្រហារប្រទេសថៃ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ ប៉ះពាល់ដល់ស្រុកជាច្រើន នៅក្នុងខេត្ត ផេតឆាប៊ុន ជន់លិចទាំងតំបន់ពាណិជ្ជកម្ម។

ជំនន់ទឹកភ្លៀង នៅក្នុងខេត្ត Phetchabun មួយនេះ ជាពិសេស ស្រុក Lom Kao និង Lom Sak រួមនឹង ទឹកទន្លេ Pa Sak បានហក់ និង ជន់លិចតំបន់ពាណិជ្ជកម្ម ដោយកម្រិតទឹក បានកើនលើសពី ១,៥ ម៉ែត្រ កាលពីថ្ងៃទី១ ខែកញ្ញា។

ហាងទំនិញ ដែលមិនអាចរុះរើ បានទាន់ពេលវេលា បានរងការខូចខាតយ៉ាងខ្លាំង ខណៈអាជ្ញាធរប្រញាប់ ជម្លៀសអ្នកស្រុក។ ទន្ទឹមនឹងនោះ ស្រុកកំពុងឆ្លើយតប ដោយដំឡើងម៉ាស៊ីនបូមទឹក នៅទីតាំងដែលមានហានិភ័យខ្ពស់ ចំនួន ១១កន្លែង។

គួររម្លឹកថា កាលពីយប់ រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២៧ ខែសីហា ព្យុះទីហ្វុង Kajiki ក៏បណ្តាលឲ្យថៃ មានការបាក់ដី និង ទឹកជំនន់ ដែលវាយលុកភូមិ ចំនួនពីរ នៅក្នុងភូមិ Ban Pang Ung មានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ សរុប ប្រមាណ ២,០០០នាក់ ហើយ បណ្តាលឲ្យស្លាប់មនុស្សជិត ១០នាក់។

ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។

ទឹកជំនន់ ថៃ កើតមានឡើង សឹងតែរាល់ឆ្នាំ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និងផលដំណាំយ៉ាងតំណំ៕

ប្រភពពី KhaosodEnglish, AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner