លោក Putin អរគុណមេដឹកនាំកូរ៉េខាងជើង ដែលបញ្ជូនទាហានជួយប្រយុទ្ធជាមួយអ៊ុយក្រែន

ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានអរគុណមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយផ្ទាល់ សម្រាប់ការបញ្ជូនទាហានកូរ៉េខាងជើងទៅជួយប្រយុទ្ធរុស្ស៊ីប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ហើយលោកបានអះអាងនៅចំពោះមុខលោក គីម ថា រុស្ស៊ីនឹងគ្មានថ្ងៃបំភ្លេចការពលីនេះបានឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។

មេដឹកនាំទាំងពីរបានជួបពិភាក្សាទល់មុខគ្នាដោយផ្ទាល់ នៅក្នុងថ្ងៃពុធនេះ នៅរដ្ឋធានីប៉េកាំង ជាកន្លែងដែលប្រមុខរដ្ឋទាំងពីរចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសចិន ដើម្បីអបអរខួប៨០ឆ្នាំនៃទិវាជ័យជម្នះរបស់ចិន។

អំឡុងជំនួបនេះ លោកប្រធានាធិបតី ពូទីន បានប្រាប់លោក គីម យ៉ាងដូច្នេះថា ក្រោមការផ្តួចផ្តើមរបស់អ្នក កងកម្លាំងពិសេសរបស់អ្នក បានចូលរួមក្នុងកិច្ចប្រឹងប្រែងរំដោះតំបន់ Kursk។ កងទ័ពរបស់អ្នកបានប្រយុទ្ធយ៉ាងអង់អាចក្លាហានជាទីបំផុត និងសាកសមជាវីរៈបុរស។

បុរសខ្លាំងរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះបន្ថែមថា ខ្ញុំចង់ធ្វើការកត់សម្គាល់ថា ពួកយើងនឹងគ្មានថ្ងៃបំភ្លេចការពលីនៃកងកម្លាំងប្រដាប់អាវុធរបស់អ្នកជាដាច់ខាត។ ដូច្នេះហើយ តាំងនាមឱ្យប្រជាជនរុស្ស៉ី ខ្ញុំសូមថ្លែងអំណរគុណដល់ការចូលរួមរបស់ប្រទេសអ្នក ក្នុងការប្រយុទ្ធតស៊ូរួមគ្នានេះ។ ខ្ញុំសូមឱ្យអ្នកជួយផ្ញើការដឹងគុណដ៏កក់ក្តៅរបស់ខ្ញុំ ទៅកាន់ប្រជាជនទាំងអស់នៃប្រទេសកូរ៉េខាងជើង។

កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនកាលពីជាងបីឆ្នាំមុន ដោយបានបញ្ជូនទាហាន និងសព្វាវុធជាច្រើន ដើម្បីជួយដល់រុស្ស៊ីរុញច្រានកងកម្លាំងអ៊ុយក្រែនចាកចេញពីភាគខាងលិចនៃប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយដ៏គួរភ្ជាក់ផ្អើលរបស់អ៊ុយក្រែនកាលពីឆ្នាំមុន។

យោងតាមប្រភពពីចារកម្មកូរ៉េខាងត្បូង និង លោកខាងលិច បានប៉ាន់ប្រមាណថា កាលពីឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនកងទ័ពជាង ១០.០០០នាក់ទៅប្រទេសរុស្ស៉ី ដែលជាចម្បង គឺទៅកាន់តំបន់ Kursk។ ចំណែកនៅក្នុងឆ្នាំ២០២៥នេះ រុស្ស៉ីបានអះអាងថា តំបន់ Kursk ត្រូវវាយយកបានពីអ៊ុយក្រែនមកវិញ។ ចារកម្មកូរ៉េខាងត្បូងបានវាយតម្លៃថា ទាហានកូរ៉េខាងជើងប្រហែល២.០០០នាក់បានស្លាប់ ដោយសារតែការជួយរុស្ស៉ីប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន៕

ប្រភព ៖ The Straits Times

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner