សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាននិងឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបាន ពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី

(សៀមរាប​)៖ វត្តអារាមទាំង ១៦២វត្តទូទាំងខេត្តសៀមរាប បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ដោយឡែកនៅវត្តរាជបូណ៌ ក្រុងសៀមរាប សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ បាននិមន្តដឹកនាំរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សារី អភិបាលរងខេត្ត រួមនិងព្រះសង្ឃ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព មន្ត្រីរាជការ លោកយាយ លោកតា និង ប្រជាពុទ្ធបរិស័ទជាច្រើនអង្គ/នាក់ ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកា សោកស្តាយចំពោះការបាត់បង់នូវវីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។

ការពលីជីវិតរបស់វីរៈកងទ័ពកម្ពុជាយើង គឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរៈបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដីកាបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ ។ 

ក្នុងឱកាសនោះផងដែរ ព្រះសង្ឃ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់នាំមន្ទីរអង្គភាពរួមនិង ពុទ្ធបរិស័ទ ទាំងអស់ ក៏បានសម្តែងការគោរពដឹងគុណជានិច្ច ចំពោះពលីកម្មដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និង សូមឧទ្ទិសផលបុណ្យទាំងឡាយជូនដល់ វិញ្ញណក្ខន្ធអស់លោកវីរៈកងទ័ព សូមលោកបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន។

យើងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរៈកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឲ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឲ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា៕

ដោយ​ ៖ ប៊ុន​រដ្ឋា

ads banner