រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់លើការងារព្យាបាល និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន បានស្នើឱ្យអន្តរក្រសួង អង្គការដៃគូ និងវិស័យឯកជនបន្តសហការរួមគ្នាស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់ការថែទាំ ព្យាបាល ស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន ឲ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដូចនេះ ក្នុងឱកាសបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) នាថ្ងៃពុធទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវទស្សនៈទានដល់អង្គប្រជុំដូចជា៖ ត្រូវពិនិត្យមើលការងារអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ឱ្យបានច្បាស់លាស់ នៅគ្រប់លំដាប់ថ្នាក់ រក្សានិរន្តរភាព នៃមធ្យោបាយ នៅតាមក្រសួងស្ថាប័ន បង្កើនការទាក់ទាញ និងកៀគរធនធាន យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស មានជាអាទិ៍ ការបណ្តុះបណ្តាល ការវិភាគអេពីដេមីសាស្រ្ត មន្ទីរពិសោធន៍ ការធ្វើតេស្តរកសារធាតុញៀន ។

ពង្រឹងភាពធន់ និងប្រព័ន្ធនៃការគិតគូរទុកជាមុនចំពោះហានិភ័យដែលកើតមានឡើងជាយថាហេតុ
លើកទឹកចិត្តឱ្យមានកិច្ចសហការប្រតិបត្តិការអន្តរក្រសួង ជាមួយដៃគូអភិវឌ្ឍ និង វិស័យឯកជន
រកវិធីសាស្រ្តវាស់វែងការងារដោយជំនាញស្ថាប័នរៀងៗខ្លួនជាមួយនឹងពេលវេលាជាក់លាក់ ។

សូមជម្រាបថា កិច្ចប្រជុំខាងលើនេះដើម្បីប្រមូលធាតុចូល ពិភាក្សា និងស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ។ ហើយផ្តោតសំខាន់លើរបៀបវារៈ ៖

១៖ រាយការណ៍ពីសមិទ្ធិផល និងផែនការបន្ទាប់របស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ)

២៖ ពិនិត្យឡើងវិញអំពីដំណើរការនៃគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ)

៣៖ ការរៀបចំផែនការនៃការថែទាំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ២០២៥-២០២៨៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner