ក្រុមចោរឆក់យ៉ាងសកម្ម៣នាក់ ត្រូវសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ចូនទៅតុលការ
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៣ ករណី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះមួយចំនួន រួចបញ្ជូនមកការិយាល័យ្រហ្មចាត់ការតាមនីតិវិធី ។ នេះបេីយោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។
ជនសង្ស័យ៣នាក់ដែលត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ សូ ផានិត ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៦៥ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី៣-ឈ្មោះ ចាន់ សុខឆេង ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជាមួយគ្នានោះ សមត្ថកិច្ចក៏ចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ ២០២០, អាវុធខ្លីម៉ាក ZORAKI ពណ៌ខ្មៅ បង់ចំនួន ០១ គ្មានគ្រាប់, បណ្ណ័សម្គាល់យានយន្ត១សន្លឹក, អត្តសញ្ញាណប័ណ្ណចំនួន០១ សន្លឹក, ឯកសារផ្សេងៗមួយចំនួន និងកាបូបដៃ ពណ៌ ខ្មៅ ចំនួន ០១ ជារបស់ជនរងគ្រោះ។
បច្ចុប្បន្ននេះជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានកត្រូវបានកម្លាំងជំនាញរបស់រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី