លោក ត្រាំ បញ្ជូនយន្តហោះចម្បាំង F-35 ចំនួន ១០គ្រឿងទៅកម្លាវ៉េណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ១០គ្រឿងទៅកាន់ទីក្រុង Puerto Rico ជាផ្នែកមួយនៃសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយវ៉េណេស៊ុយអេឡា។
ប្រភពពីអាមេរិកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យន្តហោះចម្បាំងបំបាំងកាយ F-35 កំពុងត្រូវបានដាក់ពង្រាយទៅកាន់ព្រលានយន្តហោះមួយក្នុងទីក្រុង Puerto Rico ដែលជាទីក្រុងដីកោះនៅមហាសមុទ្រការ៉ាបៀន ដែលមានប្រជាជនរស់នៅជាង ៣លាននាក់។
ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា យន្តហោះទាំងនោះ នឹងចូលរួមជាមួយនាវាចម្បាំងអាមេរិក ដែលបានដាក់ពង្រាយរួចហើយ ទៅកាន់ភាគខាងត្បូងតំបន់ការ៉ាបៀន ខណៈលោក ត្រាំ កំពុងបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលអាមេរិកចោទប្រកាន់ពីបទនៅពីក្រោយខ្នងក្រុមជួញដូរគ្រឿងញៀនដ៏ធំ។
ការប្រឈមមុខដាក់គ្នាបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលមន្ទីរបញ្ចកោណនិយាយថា យន្តហោះយោធាវ៉េណេស៊ុយអេឡាពីរគ្រឿងបានហោះហើរនៅជិតនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកថា នេះជាសកម្មភាព “បង្កហេតុ”។
ឆ្លើយតបការដាក់ពង្រាយសាច់ដុំយោធារបស់អាមេរិក លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានរិះគន់ធ្ងន់ៗលើរដ្ឋបាលលោក ត្រាំ ថា បានបង្កការគំរាមកំហែងដ៏ធំបំផុតដែលទ្វីបរបស់យើងបានឃើញក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ។
មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតី ម៉ាឌូរ៉ូ ថែមទាំងប្រកាសក្តែងៗថា ប្រទេសរបស់លោកបានរៀបចំរួចរាល់ សម្រាប់ការតស៊ូប្រដាប់អាវុធណាមួយ ដើម្បីការពារទឹកដី បន្ទាប់ពីបានប្រមូលផ្តុំកម្លាំងយោធាវេណេស៊ុយអេឡាប្រហែល ៣៤០.០០០នាក់ និងកងទ័ពបម្រុងលើសពី ៨លាននាក់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
