ចិនរិះគន់វត្តមាននាវាចម្បាំងអូស្រ្តាលី និង កាណាដានៅច្រកសមុទ្រតៃវ៉ាន់
ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃសៅរ៍ បានធ្វើការរិះគន់ខ្លាំងៗ ចំពោះវត្តមាននាវាចម្បាំងអូស្ត្រាលី និងកាណាដា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយទីក្រុងប៉េកាំងបានចាត់ទុកការបង្ហាញខ្លួននៅក្នុងផ្លូវទឹកដ៏រសើបនេះថា ជាការ “បង្កឱ្យមានបញ្ហា”។

អ្នកនាំពាក្យទីបញ្ជាការយោធាភាគខាងកើតនៃកងទ័ពរំដោះប្រជាជន (PLA) លោក Shi Yi និយាយថា នៅថ្ងៃទី៦ ខែកញ្ញា នាវាចម្បាំងកាណាដា Quebec និង នាវាពិឃាតអូស្ត្រាលី Brisbane បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈវត្តមាននាវារបស់ប្រទេសទាំងពីរ គឺជាការបង្កហេតុ និង បង្កបញ្ហា។

លោកថា ជាការឆ្លើយតប កងទ័ពរំដោះប្រជាជនចិនបានរៀបចំកងទ័ពជើងទឹក និងអាកាស ដើម្បីចុះត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាចម្បាំងទាំងពីរ ក៏ដូចជាត្រៀមខ្លួនឆ្លើយតប និង ដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព។
លោកបន្ថែមថា សកម្មភាពនាវារបស់កាណាដា និងអូស្ត្រាលីបានបញ្ជូនសញ្ញាខុស និងបង្កើនហានិភ័យផ្នែកសន្តិសុខ។ ដូច្នេះកងទ័ពចិននឹងរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងសន្តិសុខ ព្រមទាំងសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលកាណាដាបាននិយាយថា នាវាចម្បាំងកាណាដា Quebec ត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃប្រតិបត្តិការ Horizon សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នាវាចម្បំាងទំាងពីរទើបបញ្ចប់សមយុទ្ធនៅហ្វីលីពីន។ ប៉ុន្តែមិនមានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីកងកងកម្លាំងប្រដាប់អាវុធអូស្ត្រាលីនោះទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
