ក្រុមហាម៉ាស់ប្រកាសដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្គ្រាមហ្គាហ្សា
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ នៅថ្ងៃអាទិត្យ ប្រកាសថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្គ្រាមនៅហ្គាហ្សា ការដកទ័ពអ៊ីស្រាអែលទាំងអស់ និងការបង្កើតគណៈកម្មាធិការឯករាជ្យប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងតំបន់នោះ។
ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននេះ បានលើកឡើងថា ខ្លួនបានទទួលយកនូវគំនិតយោបល់ពីភាគីអាមេរិក សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្វាគមន៍គំនិតផ្តួចផ្តើមណាមួយ ដែលមានបំណងបញ្ឈប់ការប្រយុទ្ធគ្នាតទៅទៀត។
បន្ថែមលើនេះ ក្រុមហាម៉ាស់ក៏បានអំពាវនាវឱ្យមានការធានាច្បាស់លាស់របស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងណាមួយ ដោយព្រមានប្រឆាំងនឹងការរំលោភកិច្ចព្រមព្រៀងកន្លងមក។
ការអះអាងបែបនេះរបស់ក្រុមហាម៉ាស់ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារលើវេទិកា Truth Social នៅថ្ងៃអាទិត្យថា ប្រជាជនអ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់លោក… ដល់ពេលហើយ ដែលក្រុមហាម៉ាស់ត្រូវទទួលយកផងដែរ និងថា នេះគឺជាការព្រមានចុងក្រោយរបស់លោក… វានឹងមិនមានឱកាសនេះម្តងទៀតទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល, ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលនឹងលុបចោលការវាយលុករបស់ខ្លួន ដើម្បីដណ្តើមយកទីក្រុងហ្គាហ្សា។ ចំណាប់ខ្មាំងទាំង ៤៨នាក់កំពុងជាប់ឃុំនៅហ្គាហ្សា រួមទាំងប្រហែល ២០នាក់ដែលត្រូវបានគេជឿថានៅមានជីវិត នឹងត្រូវដោះលែងនៅថ្ងៃដំបូងនៃបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់។ រីឯការពិភាក្សាស្តីពីការបញ្ចប់សង្រ្គាម នឹងចាប់ផ្តើមក្រោមការសម្របសម្រួលរបស់លោកប្រធានាធិបតី Trump ជាមួយនឹងបទឈប់បាញ់នៅនឹងកន្លែង ខណៈការចរចានៅតែបន្តនៅឡើយ៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា