កម្ពុជា-ហ្វីលីពីន ចុះហត្ថលេខាលើឯកសារចំនួន៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន
(ភ្នំពេញ)៖ កម្ពុជា និងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន៣ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ។
ឯកសារទាំងនោះរួមមាន៖
ឯកសារទី១៖ អនុស្សារណយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានា រវាងនគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង នគរបាលជាតិ នៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ចុះហត្ថលេខាដោយឯកឧត្តម Maria Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ទី២៖ អនុស្សារណយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង គណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោកបណ្ឌិត Shirley C. Agrupis ប្រធានគណៈកម្មការឧត្តមសិក្សា នៃសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ។
ទី៣៖ អនុស្សារណយោគយល់ស្តីពីកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយឯកឧត្តម Jim C. Syndiongco អនុរដ្ឋលេខាធិការអាកាសចរណ៍ និងអាកាសយានដ្ឋាន នៃសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលើរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីលវិល នៃព្រះរាជាណាចក្រកម្ពុជា ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ