សម្ដេចធិបតី ផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

(ភ្នំពេញ)៖ ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន បានផ្ដល់អនុសាសន៍ចំនួន ៧ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធនិង ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។

តាមរយៈសារលិខិត អបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពលរដ្ឋល្អ និង ស្មារតីស្នេហាជាតិ។

សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំនិងអក្ខរកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ការអនុវត្តកម្មវិធីសិក្សាផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ បញ្ញាសិប្បនិម្មិត ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បណ្តាញសាកលវិទ្យាល័យសាយប័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងសាកលវិទ្យាល័យ សាលាឌីជីថល ថ្នាលអប់រំ សម្រាប់គាំទ្រដល់ការបង្រៀន និងរៀន និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយចំនួនសម្រាប់ការងារគ្រប់គ្រង។

ជាមួយគ្នានឹងការគាំទ្រចំពោះប្រធានបទ ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល សម្ដេចនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និង ប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធនិង ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។

សម្ដេចធិបតី អំពាវនាវ និងដាក់ចេញនូវអនុសាសន៍ចំនួន ៧ ចំណុចក្នុងឱកាស ទិវាអក្ខរកម្មអន្តរជាតិនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ រួមមាន ៖

ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បី ពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ដើម្បី ក្លាយទៅជាពលរដ្ឋឌីជីថល ។

ទី២- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលតាមគ្រប់រូបភាពលើផ្នែកឌីជីថល សម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យ ។

ទី៣- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ។

ទី៤- ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញការបើកថ្នាក់អក្ខរកម្ម និងភ្ជាប់ជាមួយការប្រើប្រាស់បច្ចេកវិទ្យា ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក ជនជាប់ឃុំជាដើម ។

ទី៥- វត្តអារាម និងវិហារសាសនា ត្រូវបំផុសចលនាព្រះសង្ឃ បព្វជិតសាសនា ចូលរួមជំរុញ និងលើកកម្ពស់កម្មវិធី អក្ខរកម្មវិជ្ជាជីវៈ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែខ្លាំងក្លាថែមទៀត ។

ទី៦- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធី អក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃអក្ខរកម្ម ជាពិសេស អក្ខរកម្មឌីជីថល ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត ចេះប្រើប្រាស់ គ្រប់គ្រង និងចែករំលែកព័ត៌មាន តាមអនឡាញ យល់ដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងចែករំលែកព័ត៌មានប្រកបដោយក្រមសីលធម៌ និង សុក្រឹតភាព។

ទី៧- ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីកៀរគរប្រមូលផ្តុំធនធាននិងចែករំលែកបទពិសោធ ក្នុងការលើកកម្ពស់កម្មវិធី អក្ខរកម្មក្នុងយុគសម័យឌីជីថលនិងបច្ចេកវិទ្យាព័ត៌មាន ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner