ចំនួនអ្នកស្លាប់កើនជិត ២០នាក់ ក្នុងបាតុមកម្មប្រឆាំងការបិទបណ្តាញសង្គមនៅនេប៉ាល់
កដ្ឋម៉ាន់ឌូ ៖ បាតុកម្មដ៏ហិង្សាមួយនៅប្រទេសនេបាល់ បានសម្លាប់មនុស្សកើនឡើងដល់ ១៩នាក់ និងរាប់រយនាក់ទៀតរងរបួស កាលពីថ្ងៃចន្ទ នៅពេលដែលប៉ូលិសព្យាយាមបំបែកហ្វូងបាតុករវ័យក្មេងនៅទីក្រុងកដ្ឋម៉ាន់ឌូ ដែលទាមទារឱ្យរដ្ឋាភិបាលលុបចោលការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងដោះស្រាយអំពើពុករលួយ។
រដ្ឋាភិបាលនេប៉ាល់បានប្រាប់មូលហេតុបិទបណ្តាញសង្គមថា អ្នកប្រើប្រាស់ព័ត៌មានសង្គមជាមួយអត្តសញ្ញាណក្លែងក្លាយ កំពុងផ្សព្វផ្សាយពាក្យសំដីស្អប់ខ្ពើម និង ព័ត៌មានក្លែងក្លាយ ព្រមទាំងប្រព្រឹត្តិការក្លែងបន្លំ និងឧក្រិដ្ឋកម្មផ្សេងៗតាមរយៈបណ្តាញសង្គមមួយចំនួន។
ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន រួមទាំង Facebook, YouTube និង X មិនអាចចូលដំណើរការបាននៅក្នុងប្រទេសនេប៉ាល់ ចាប់តាំងពីថ្ងៃសុក្រមកម្ល៉េះ បន្ទាប់ពីរដ្ឋាភិបាលបានបិទពួកគេ ពីព្រោះមិនបានចុះបញ្ជីជាមួយអាជ្ញាធរ លើការបង្រ្កាបការប្រើប្រាស់ខុស ទើបធ្វើឱ្យអ្នកប្រើប្រាស់ខឹងសម្បាររហូតផ្ទុះបាតុកម្មហិង្សា។
ប៉ូលិសបានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងដំបង នៅពេលដែលក្រុមបាតុករកាន់តែពុះកញ្ជ្រោល ហើយព្យាយាមសម្រុកចូលទៅក្នុងតំបន់ហាមឃាត់នៅជិតសភានេប៉ាល់។
អ្នកនាំពាក្យប៉ូលិសក្រុងកដ្ឋម៉ាន់ឌូ លោក Shekhar Khanal បាននិយាយថា មនុស្ស ១៩នាក់បានស្លាប់ និង ប្រហែល ៤០០នាក់បានរងរបួស រួមទាំងប៉ូលីសជាង ១០០នាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បន្ទាប់ពីមានអំពើហិង្សានេះ រដ្ឋមន្ត្រីមហាផ្ទៃនេប៉ាល់ លោក Ramesh Lekhak បានលាលែងពីតំណែង។
ទន្ទឹមគ្នា អង្គការសហប្រជាជាតិបានចេញមុខ ទាមទារ ឱ្យ មានការ ស៊ើបអង្កេត យ៉ាង ឆាប់រហ័ស និងប្រកបដោយតម្លាភាពចំពោះអំពើហិង្សាបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនៅនេប៉ាល់។
ដោយឡែកអង្គការលើកលែងទោសអន្តរជាតិក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ទាន់ផងដែរ ហើយបាននិយាយថា គ្រាប់កាំភ្លើងពិតត្រូវបានប្រើប្រាស់ប្រឆាំងនឹងក្រុមបាតុករ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




