ឥណ្ឌូណេស៊ីចង់ទិញនាវាផ្ទុកយន្តហោះចម្បាំងអ៊ីតាលី
ហ្សាកាតា ៖ កងនាវាចរឥណ្ឌូណេស៊ីកំពុងមានផែនការទិញនាវាផ្ទុកយន្តហោះចម្បាំងពីប្រទេសអ៊ីតាលី ហើយប្រសិនបើជោគជ័យ នោះឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសអាស៊ានដំបូងគេដែលមាននាវាដ៏ទំនើបនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការពិភាក្សាជាមួយអ៊ីតាលីស្ថិតក្នុងដំណាក់កាលដំបូង ដើម្បីទទួលបាននាវាផ្ទុកយន្តហោះចម្បាំង Giuseppe Garibaldi ហើយវាជាផ្នែកមួយនៃការជំរុញរបស់ឥណ្ឌូណេស៊ី ដើម្បីធ្វើទំនើបកម្មកងនាវា និងពង្រីកប្រតិបត្តិការនៅទូទាំងប្រជុំកោះដ៏ធំរបស់ខ្លួន។
ការទិញយកនាវាផ្ទុកយន្តហោះ Giuseppe Garibaldi ដ៏មានសក្ដានុពលពីកងទ័ពជើងទឹកអ៊ីតាលី ឆ្លុះបញ្ចាំងពីទំនាក់ទំនងកងទ័ពជើងទឹកដ៏កក់ក្តៅរបស់ឥណ្ឌូណេស៊ីជាមួយអ៊ីតាលី។
នាវាផ្ទុកយន្តហោះត្រូវបានគេមើលយ៉ាងទូលំទូលាយថា ជាចំណុចកំពូលនៃកងទ័ពជើងទឹក ហើយក៏ជាឧបករណ៍យោធាមានតម្លៃថ្លៃ និងស្មុគស្មាញ សម្រាប់សង្គ្រោះយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រនៅឆ្ងាយពីច្រាំង។
លើសពីតួនាទីប្រយុទ្ធ នាវាផ្ទុកយន្តហោះបានដើរតួជាមជ្ឈមណ្ឌលបញ្ជា និងអាចគាំទ្របេសកកម្មនានា រាប់ចាប់ពីជំនួយសង្គ្រោះគ្រោះមហន្តរាយ រហូតដល់សន្តិសុខដែនសមុទ្រ។
គួរកត់សម្គាល់ Giuseppe Garibaldi គឺជានាវាផ្ទុកយន្តហោះចុះចតផ្តេក និងចុះចតបញ្ឈរ (STOVL) ដែលត្រូវបានរចនាឡើង សម្រាប់ទាំងយន្តហោះស្លាបថេរ និងឧទ្ធម្ភាគចក្រ។
នាវានេះសាងសង់ដោយក្រុមហ៊ុន Fincantieri និងដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៨៥។ វាមានប្រវែង ១៨០ម៉ែត្រ និងអាចធ្វើដំណើរបានរហូតដល់ ១១.០០០គីឡូម៉ែត្រ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា