រដ្ឋមន្ត្រីបរិស្ថានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ព នៃបញ្ជាការដ្ឋានយោធភូមិភាគ១ ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ខណៈដែលប្រជាពលរដ្ឋ និងពុទ្ធបរិស័ទប្រារព្ធនូវពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំប្រតិភូក្រសួងបរិស្ថាន រួមជាមួយក្រុមហ៊ុន អាន ម៉ាឌី ហ្គ្រុប ចំការកៅស៊ូពាមជាំង រដ្ឋបាលខេត្តស្ទឹងត្រែង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជូនដល់កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ។

បញ្ជាការដ្ឋានយោធភូមិភាគទី១ជាអង្គភាពចងសម្ព័ន្ធមេត្រីជាមួយក្រសួងបរិស្ថាននៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ពិធីសាកសួរសុខទុក្ខនិងប្រគល់អំណោយបានប្រព្រឹត្តទៅនៅក្នុងបរិវេណនៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែងនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងពិធីនេះឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព ក្រសួងបរិស្ថាន រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ដល់សុខទុក្ខកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ ។ក្រសួងក៏បាននាំយកជាស្បៀង គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់យកទៅជូនវីរកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងការលះបង់កម្លាំងកាយ ចិត្ត អាយុជីវិត ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។

ក្នុងកម្មវិធីដដែលនេះដែរឯកឧត្ដមរដ្ឋមន្រ្តីបានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរបស់ក្រសួងបរិស្ថាន ជូនចំពោះកងទ័ពទាំងអស់ នៃយោធភូមិភាគទី១។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសផ្តល់អំណោយដ្រូនចំនួន ៥គ្រឿង ដល់បញ្ជាការដ្ឋានយោធភូមិភាគ១ ដើម្បីចូលរួមពង្រឹងខឿនការពារជាតិ ជាពិសេសក្នុងការឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងភូមិខេត្តស្ទឹងត្រែង។

ដោយឡែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងឱកាសនោះរួមមាន៖ អង្ករ ត្រីខ គ្រឿងឧបភោគ បរិភោគជាច្រើន កុំព្យុទ័រយួរដៃ ម៉ាស៊ីនព្រីនធ័រ និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត រួមជាមួយថវិកាមួយចំនួនផងដែរ។
ជម្រាបជូនគណៈប្រតិភូក្រសួងបរិស្ថាន ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងអំណរគុណចំពោះការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ពជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជន។ ឧត្តមសេនីយ៍ទោបញ្ជាក់ថា សម្ព័ន្ធមេត្រីភាពនេះ បានធ្វើឱ្យទំនាក់ទំនងរវាងអង្គភាពកងទ័ព ជាពិសេសទ័ពជួរមុខនៃយោធភូមិភាគទី១ក្នុងខេត្តស្ទឹងត្រែង កាន់តែមានភាពមោះមុត ក្នុងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាត។កងកម្លាំងទាំងអស់បប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការឈ្លានពានពីសត្រូវ និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
ដោយ៖ឡុង សំបូរ + ដេង ម៉ាវិន
