កែបជាខេត្តទី១ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកជាដំណើរបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស
(កែប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា កែបជាខេត្តទី១ ដែលបានបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលនេះជាដំណើរបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ហើយខេត្តកែបកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តកែបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ នេះជាប្រសាសន៍លើកឡើងរបស់ថ្លែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយទូទាំងខេត្តកែប ដែលបានធ្វើឡើងនៅសាលាស្រុកដំណាក់ចង្អើរ ក្នុងខេត្តកែប នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា នេះជាជោគជ័យមួយរបស់រដ្ឋបាលខេត្ត ក្នុងការឈានទៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងក្លាយជាខេត្តទី១ ក្នុងការបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងចំណោមរាជធានីខេត្តទាំង២៥ រាជធានី-ខេត្ត។ សូមប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅទំនាក់ទំនង ជាមួយមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដើម្បីទទួលបានបណ្ណកម្មសិទ្ធិរៀងរាល់ម៉ោងធ្វើការ ហើយមន្ត្រីពាក់ព័ន្ធក្នុងការផ្តល់សេវា ត្រូវបង្កលក្ខណៈល្អ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្រសួងប្ដេជ្ញានឹងបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ដោយក្នុងនោះនៅក្នុងខេត្តកែបមានផែនការរៀបចំឆ្នេរទាំងអស់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលំហែកំសាន្តក្នុងខេត្តកែប ក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកែបកាន់តែប្រសើរជាងមុន ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ គឺមានសារៈសំខាន់និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ហើយក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមប្ដេជ្ញានឹងបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេសនិងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ដោយបច្ចុប្បន្នក្បាលដីដែលត្រូវចុះបញ្ជីនៅទូទាំងប្រទេសសរុបមាន ១៤ លានក្បាលដី ។ ជាយុទ្ធសាស្ត្រការចុះបញ្ជីដីធ្លីនេះគឺបានបញ្ចប់វិវាទដីធ្លីរាប់ម៉ឺនករណី ហើយបច្ចុប្បន្នវិវាទដីធ្លី គឺថយចុះនៅសល់ប្រមាណត្រឹមតែ ១៥០ករណីប៉ុណ្ណោះ។

ជាមួយនឹងការចុះបញ្ជីដីធ្លីបង្ហើយនេះ ក្រសួងបាននឹងកំពុងអនុវត្តកិច្ចការមួយចំនួនទៀត ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ នោះគឺត្រូវដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់ប្រមាណត្រឹមតែ ១៥០ករណីទៀតប៉ុណ្ណោះ, ដោះស្រាយសម្របសម្រួលបញ្ហានៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរនៃខេត្តសៀមរាបឱ្យមានភាពចុះសម្រុងគ្នា, ដោះស្រាយសម្របសម្រួលបញ្ហាក្នុងតំបន់បឹងទន្លេសាប, ការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធឌីជីថលដែលងាយស្រួលប្រើប្រាស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង, ដោះស្រាយបញ្ហាបុរីមានវិវាទដែលនៅសេសសល់ និងជួយសម្របសម្រួលអត្រាការប្រាក់កម្ចីជាមួយធនាគារសម្រាប់អតិថិជនរបស់បុរី ដែលជាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបានលក្ខខណ្ឌដោយឡែកមួយដើម្បីទទួលបានអត្រាការប្រាក់សមរម្យសម្រាប់ទិញផ្ទះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា គោលនយោបាយចុះបញ្ជីដីធ្លីដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន គឺប្រៀបដូចទៅនឹងឪពុកបានចែកទ្រព្យអោយកូន ហើយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តវេន គឺជាអ្នកធានាផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាពអោយបានល្អ និងបានជំរុញដល់កងកម្លាំងនិងអាជ្ញាធរខេត្តកែបឱ្យធានាបាននូវសន្តិសុខសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅខេត្តកែបពីព្រោះខេត្តកែបនិងខេត្តកំពត គឺជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នេះប្រហែលជាយើងអាចរៀបចំឆ្នេរទាំងអស់នៅក្នុងខេត្តកែបបានចប់សព្វគ្រប់និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលំហែកំសាន្តក្នុងខេត្តកែបបានកាន់តែច្រើនជារៀងរាល់ថ្ងៃ ក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកែបកាន់តែប្រសើរជាងមុន៕
ដោយ / គ្រី សម្បត្តិ
