គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់
នាពេលខាងមុខគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីអាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ។ នេះជាការអះអាងរបស់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី។
សូមជម្រាបជូនថាកន្លងរាជរដ្ឋាភិបាល បានរៀបចំគម្រោងកសាងព្រលានយន្តហោះមួយនៅខេត្តមណ្ឌលគិរី សម្រាប់គោលដៅដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរពីតំបន់ទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍នៅភូមិភាគនិរតី តំបន់ទេសចរណ៍នៅភាគពាយព្យ មានខេត្តបាត់ដំបងជាដើម។
បើតាមក្រសួងទេសចរណ៍ កន្លងមករាជរដ្ឋាភិបាលបានកំណត់រួចមកហើយថា ខេត្តមណ្ឌលគិរី និងភូមិភាគឦសានទាំងមូល គឺជាគោលដៅអេកូទេសចរណ៍ដ៏ធំរបស់កម្ពុជា ដែលត្រូវមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។
បច្ចុប្បន្នខេត្តមណ្ឌលគិរីមាន សក្ដានុពលទេសចរណ៍ និងតំបន់ទេសភាពទាក់ទាញប្រមាណ៣៩ កន្លែង ក្នុងនោះមានទាំងតំបន់ទឹកជ្រោះ និងទឹកធ្លាក់ធម្មជាតិ តំបន់វប្បធម៌ជនជាតិដើមភាគតិច ទេសភាពសមុទ្រឈើ ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋានទេសចរណ៍កែច្នៃ ជ្រលងដងអូរ និងភ្នំធម្មជាតិ ចម្ការដំណាំចម្រុះពូជដែលអំណោយផលដល់វិស័យកសិទេសចរណ៍ និងបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕