មេបញ្ជាការដ្ឋានយោធភូមិភាគទី ៤ និងមន្រ្តីររាជការ មន្ទីរអង្គភាពជុំវិញខេត្តប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនអតីតយុទ្ធជន និងវីរកងទ័ពដែលបានពលីនៅសមរភូមិព្រំដែន

សៀមរាប : នៅវិមានរំលឹកគុណ ស្ថិតនៅសង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានយោធភូមិភាគទី ៤ បានអញ្ជើញចូលរួម ្របារព្ធបង្សុកូល ឧទ្ទិសកុសលជូនអតីតយុទ្ធជន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីជាតិ ។

ពិធីដែលមានការចូលរួមដោយពីអភិបាលរងខេត្តសៀមរាប មន្ត្រីរាជការ ព្រមទាំងមន្រ្តីនៃអង្គភាពជុំវិញខេត្ត បានសម្តែងនូវការគោរព និងកិត្តិយសចំពោះទឹកចិត្តក្លាហានរបស់អតីតយុទ្ធជនទាំងអស់ ដែលបានបូជាជីវិតក្នុងបេសកកម្មថ្វាយជីវិតដល់ជាតិ ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។

ពិធីនេះ គឺជាការចងក្រងនូវកិច្ចចងចាំដ៏មានតម្លៃ ដែលបង្ហាញពីក្តីគោរព និងបួងសួងសុំអោយវិញ្ញាណកងទ័ពវីរជនទាំងអស់ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងជាការចងចាំមិនអាចបំភ្លេចបាន ដល់មនុស្សគ្រប់ជំនាន់ក្រោយឱ្យមានស្មារតីស្រឡាញ់ជាតិ និងការពារមាតុភូមិឲ្យបានរឹងមាំមានទឹកចិត្តក្លាហានរបស់យុវជន គ្រប់ជំនាន់ នូវគុណនបការៈស្មារតីស្នេហាជាតិ និងក្តីស្រឡាញ់ប្រទេសជាតិដ៏អស្ចារ្យរបស់កងទ័ពខ្មែរទាំងអស់។

ឧត្តមសេនីយ៍ឯក ពៅ ហេង បានលើកឡើងថា កិច្ចសូត្រមន្តបង្សុកូលនេះ គឺជាការបង្ហាញនូវសេចក្តីគោរពដល់វិញ្ញាណក្ខន្ធវីរជនទាំងអស់ ព្រមទាំងជាការផ្តល់ដំណឹងដល់ជំនាន់ក្រោយឱ្យយកស្មារតីក្លាហានជាប្រភពជំរុញក្នុងការថែរក្សាសន្តិភាព និងការពារមាតុភូមិឱ្យបានរឹងមាំជានិច្ច ដែលជាសេចក្តីបំផុសចលនាយុវជនខ្មែរ តស៊ូដើម្បីជាតិ រួបរួមគ្នាចំណែករបស់អ្នកមានជំនាន់ក្រោយក្នុងការថែរក្សាកេរ្តិ៍ឈ្មោះ និងអធិបតេយ្យភាព៕
ដោយ :ប៊ុន រដ្ឋា

ads banner