បើកវគ្គបណ្តុះបណ្តាល ស្តីពី ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី​ការ​រៀបចំគម្រោងថវិការបស់រដ្ឋបាល ក្រុង ស្រុកឆ្នាំ២០២៦ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីជាជំនួយដល់ការរៀបចំថវិកា​ប្រចាំឆ្នាំរបស់រដ្ឋបាល​ក្រុង ស្រុក ។ ហើយឆ្នាំ២០២៥ គឺជាឆ្នាំទី៦ នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនា​យក​ដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានលើកឡើងថា វគ្គនេះដើម្បីពង្រឹង​សមត្ថភាពជូនដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រោងថវិកា និង ជាវេទិកាដើម្បី​ស្វែង​យល់បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរនានាពាក់ព័ន្ធនឹងការរៀបចំ ការ​អនុវត្ដថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុកផងដែរ។ ការជួបជុំនេះ ផ្តល់ឱកាសឱ្យ​មានការពិភាក្សា ពិគ្រោះយោបល់ ក្នុងចំណោមតួអង្គពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាជាតិ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ បន្តថា ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ត្រូវបានអនុលោមតាមសារាចរណែនាំស្តីពី ’ការរៀបចំផែនការយុទ្ធ​សាស្ត្រ​ថវិ​កា​រាជធានី ខេត្ត ឆ្នាំ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង​ថវិកា​របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦” របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានរៀបចំនិងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

កន្លងមក អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការ​សហការ​ជាមួយក្រុមការងារគាំទ្រនៅថ្នាក់ខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារ ខេត្ត បានដើរតួរនាទីយ៉ាងសំខាន់ក្នុងបេសកកម្មផ្សព្វផ្សាយខ្លឹមសារ​សារាចរ​ជូន​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ជាពិសេសដល់រដ្ឋបាលក្រុង ស្រុក ដើម្បីបញ្ជ្រាបការយល់​ដឹងឱ្យបានច្បាស់លាស់ ដើម្បីអាចរៀបចំឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

ឯកឧត្តម កែវ បេងវឌ្ឍន៍ បញ្ជាក់ដែរថា សម្រាប់ទិដ្ឋភាពហិរញ្ញវត្ថុ ដោយមានការយក​ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិយាយជារួម និង​និយាយដោយឡែក ថវិការបស់រដ្ឋបាលក្រុង ស្រុក មានការកើនឡើងគួរឱ្យកត់​សម្គាល់​តាមរយៈការដាក់ចេញនូវអនុក្រឹត្យលេខ ១៥២ ស្តីពីការផ្ទេរធនធានថវិការដ្ឋ​ជូនមូលនិធិក្រុង ស្រុក,ការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក, ការបង្កើតមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ និងការ​ផ្ទេរមុខងារជាបន្តបន្ទាប់រួមមានមុខងារនៃការិយាល័យជំនាញ១៩វិស័យ ដែលបាន​ធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក និងមុខងារអប់រំចំនួន ៣ (មុខងារការគ្រប់គ្រងការអប់រំកុមារតូច, មុខងារការគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ) ព្រមទាំងការិយាល័យអប់រំ។

ទន្ទឹមនឹងវឌ្ឍនភាពសំខាន់ៗខាងលើ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យ​ប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ (FMIS Portal 1) នៅរដ្ឋបាល​ស្រុក និង រដ្ឋបាលឃុំ ព្រមទាំងពង្រីកការអនុវត្តគម្រោង FMIS ទៅដល់រដ្ឋបាលក្រុង, រដ្ឋបាលខណ្ឌ និងរដ្ឋបាលស្រុកគោលដៅសម្រាប់ការអនុវត្តនីតិវិធីចំណាយ​ចរន្ត​ទាំងស្រុង ផងដែរ ៕

ប្រភព ៖ ក្រសួងសេដ្ឋកិច្ច

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner