កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តត្រពាំងតាមាន់ បង្សុកូល ជាកិច្ចឧទ្ទិសជូនញាតិកាទាំង៧សន្តាន និងវរៈកងទ័ពពលីលើសមរភូមិ
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ និងចូលរួមឧបត្ថម្ភបច្ច័យដើម្បីកសាងសាលាឆាន់ នៅវត្តត្រពាំងតាមាន់ ស្ថិតក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន បានអញ្ជើញរាប់បាត្រ បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានពលីមរណៈក្នុងរយៈកាលកន្លងមក។
គនាឱកាសចូលរួមកាន់បិណ្ឌវេនទី៧ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូនមានសទ្ធាជ្រះថ្លាបរិច្ចាគទេយ្យទានវេរប្រគេនព្រះសង្ឃសម្រាប់ឧបត្ថម្ភក្នុងការកសាងនូវសាលាឆ័នក្នុង វត្តត្រពាំងតាមាន់ ជាបច្ច័យចំនួនថ ៣៦,៨៨៣,០០០ រៀល និងបច្ច័យជាប្រាក់ដុល្លាចំនួន ៦០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគបរិភោគក និងបានជូនបច្ច័យដល់តាជី ដូនជី ចំនួន៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន ២ម៉ឺនរៀល ថែមទៀតផងដែរ៕






ដោយ ៖ ង៉ាន់ ទិត្យ