ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ គ្មានទេសិទ្ធិមនុស្ស ដរាបណាប្រទេសគ្មានសន្តិភាព
(តាកែវ) ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) នាថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា គ្មានទេសិទ្ធិមនុស្ស ដរាបណាប្រទេសគ្មានសន្តិភាព ដូច្នេះមានតែពួកយើងទាំងអស់គ្នាខិតខំជួយថែរក្សាសុខសន្តិភាពឱ្យបាន ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារ និងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ ទន្ទឹមគ្នា នេះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក៏ដូចជាការអនុវត្តកតិកាសញ្ញាអន្តរជាតិនេះផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា សភាពការណ៍នៅលើសកលលោកនាពេលបច្ចុប្បន្ន មានទំនោរបង្កាត់ភ្លើងសង្គ្រាម ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាងខ្លាំង ព្រោះសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគេ ក៏មិនត្រូវបានធានាដែរ ហេតុនេះ ការចូលរួមថែរក្សានិងការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា ។
ប្រទេសកម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងខិតខំប្រឹងប្រែងធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងសុខដុមរមនាក្នុងតំបន់ ព្រោះមានសន្តិភាព ទើបមានលទ្ធភាពក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ ក្នុងរយៈពេលចុងក្រោយ អំពើឈ្លានពានពីសំណាក់ប្រទេសថៃលើប្រទេសកម្ពុជា គឺជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស ដែលមានចែងក្នុងកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រួមមានសិទ្ធិលំនៅឋាន សិទ្ធិសុខភាព សិទ្ធិទទួលបានការអប់រំ សិទ្ធិការងារជាដើម ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៍បានលើកឡើងផងដែរថា កម្ពុជា ជាប្រទេសឈានមុខមួយក្នុងតំបន់អាស៊ាន ដោយបានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗចំនួន៩ រួមទាំង ពិធីសារបន្ថែមចំនួន ៤ទៀតផងដែរ ។ បន្ថែមលើនេះ កម្ពុជាក៏បានបន្តអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា ហើយតែងតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសតាមវិស័យជាបន្តបន្ទាប់ តាមការស្នើសុំ។ កត្តាធំៗទាំងនេះ គឺជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំនិងមិនអាចប្រកែកបាន អំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។
ទន្ទឹមនឹងនោះផងដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី មានការយកចិត្តទុកដាក់ណាស់ ព្រមទាំងរិះរកគ្រប់នីតិវិធីដើម្បីឱ្យថៃធ្វើការដោះលែងវរៈកងទ័ពរបស់យើងទាំង ១៨នាក់ ឱ្យត្រឡប់មកមាតុភូមិយើងវិញ ៕






ដោយ / គ្រី សម្បត្តិ