ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

(ទីក្រុងណាននីង)៖ ក្នុងអំឡុងពេលអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម Wei Tao បានបញ្ជាក់ថា ចិន និងកម្ពុជា គឺ «មិត្តភាពដែកថែប» ដែលរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ និងបានលើកឡើងថា កិច្ចសហប្រតិបត្តិការចិន-កម្ពុជាកាន់តែមានភាពស៊ីជម្រៅលើគ្រប់វិស័យ រហូតដល់មានការឯកភាពពន្លឿនការកសាង «សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល» នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០២៥។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខាងលើនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តនូវគម្រោងជាច្រើនជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា លើវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្ម អប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងវេជ្ជសាស្ត្រ ព្រមទាំងវិស័យមួយចំនួនទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតំបន់ស្វយ័តក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ និងបានក្លាយជាមជ្ឈមណ្ឌល និងជាច្រកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសហគមន៍វាសនារួមចិន-អាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនលើគ្រប់វិស័យរបស់តំបន់ស្វយ័តក្វាងស៊ី ក៏ដូចជាការសម្រេចរក្សានូវសុខដុមនីយកម្មប្រជាសាសន៍ ក្នុងបរិបទដែលតំបន់នេះសម្បូរទៅដោយជនជាតិភាគតិច។

ឯកឧត្ដម វង្សី វិស្សុត បានសម្ដែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងជាពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី និយាយដោយឡែក។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពដែលមិនអាចខ្វះគ្នាបាន ហើយបានចាក់ឫសជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេស
ទាំងពីរ ហើយការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើគ្រប់វិស័យ នៅក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់បានពីការរួមចំណែករបស់ប្រទេសចិនបានឡើយ។

ឯកឧត្ដម វង្សី វិស្សុត បានបង្ហាញនូវក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានបន្តឡើងដល់ជាង ១៥.១៨៩ លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤ កន្លងទៅ ដោយក្នុងនោះ ទំហំពាណិជ្ជកម្មរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា មានទំហំរហូតដល់ ១ពាន់លានដុល្លារអាម៉េរិក។ ឯកឧត្តមបានបន្តថា ទោះបីយ៉ាងណាក៏ដោយ ទំហំនៃការនាំចេញរបស់កម្ពុជាមកកាន់ប្រទេសចិន នៅមានចំណែកតូចនៅឡើយ បើធៀបនឹងការនាំចេញរបស់ចិនទៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំភាគីចិន បង្កើនការនាំចូលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសលើកសិផលរបស់កម្ពុជា និងបង្កើនការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាផលិតកម្មដំណាំស្វាយចន្ទី ដំណាំដំឡូងមី ផលិតកម្មចំណីសត្វ និងផលិតផលសាច់ ត្រី និងម្ហូបអាហារជាដើម ដើម្បីបម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញមកប្រទេសចិនផងដែរ។

គួរបញ្ជាក់ដែរថា ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលចិន និង
ថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានទៅទស្សនកិច្ចមជ្ឈមណ្ឌល CHINA-ASEAN Artificial Intelligence Collaborative Innovation និងទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនចិន ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគក្នុងវិស័យថ្មីៗ និងភាពជាដៃគូក្នុងវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ដើម្បីបង្កើនការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន តាមរយៈគម្រោងវិនិយោគរបស់ចិនផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner