ពិធីបុណ្យភ្ជុំបិណ្ឌវេនទី១០ រដ្ឋបាលខេត្តសៀមរាប បូជាបុណ្យឧទ្ទិសដល់អ្នកមានគុណ និងវីរជនជាតិ

(សៀមរាប​)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១០ រោច ខែភទ្របទ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីកាន់បិណ្ឌវេនទី១០ នៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទជាច្រើន។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា បុណ្យកាន់បិណ្ឌ គឺជាប្រពៃណីបុណ្យព្រះពុទ្ធសាសនាសំខាន់ ប្រារព្ធឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃទី១៤រោច ខែភទ្របទ ហើយថ្ងៃ១៥រោច គឺជាពិធីបុណ្យភ្ជំបិណ្ឌ ។ ពិធីនេះជាឱកាសឲ្យពុទ្ធបរិស័ទបូជាព្រះសង្ឃ ដោយនាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេន ព្រមទាំងបង្សុកូលឧទ្ទិសកុសលជូនដល់មាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន និងដួងវិញ្ញាណវីរជនដែលបានពលីជីវិតក្នុងការការពារ និងអភិវឌ្ឍន៍ជាតិ។

ក្នុងឱកាសនេះ ឯកឧត្តម លី សំរិទ្ធ និង ឯកឧត្តម ប្រាក់ សោភ័ណ រួមទាំងអង្គភាពនានា និងពុទ្ធបរិស័ទ បានរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណអ្នកមានគុណ និងវីរៈកងទ័ពដែលបានស្លាប់ក្នុងការ ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។

ក្នុងពិធីកាន់បិណ្ឌវេនទី១០ នេះ ក៏បានវេរប្រគេនទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគចំនួន ១៣មុខ ព្រមទាំងបច្ច័យជាច្រើន។ ក្នុងនោះ ឯកឧត្តម ប្រាក់ សោភ័ណ បាននាំយកបច្ច័យរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចំនួន ៥,០០០ ដុល្លារ ដោយរួមទាំងបច្ច័យពីរដ្ឋបាលខេត្ត និងពុទ្ធបរិស័ទ សរុបបានចំនួន ៨,៣០០,០០០ រៀល សម្រាប់ចំណាយក្នុងការកសាងសមិទ្ធផលនៅវត្តប្រាសាទគោកចក។ បន្ថែមពីនេះ សីលវ័ន្ត និងសីលវន្តីចំនួន ៥០នាក់ ក៏ទទួលបានកំណាត់ស ១ដុំ និងថវិកាម្នាក់ ១ម៉ឺនរៀលផងដែរ ៕

ដោយ​ ៖ ប៊ុន​រដ្ឋា

ads banner