ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរៀបចំកម្មវិធីប្រដាល់«អារាមគុនខ្មែរ» និង «រត់សហគមន៍» អបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តព្រះវិហារ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរយៈពេល ២ថ្ងៃនេះ «១៦-១៧កញ្ញា២០២៥» បានចូលរួមបង្កើតបរិយាកាសសប្បាយរីករាយ ដោយបានរៀបចំកម្មវិធីប្រដាល់ «អារាមគុនខ្មែរ» ដល់ជនភៀសសឹកនៅជំរំវត្តពោធិ៍៥០០០ដើម និងចូលរួម «រត់សហគមន៍» ចម្ងាយ៩គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវកោះកេរ ដើម្បីអបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក «១៧កញ្ញា២០២៣-១៧កញ្ញា២០២៥» ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

កម្មវិធីប្រដាល់ «អារាមគុនខ្មែរ» និង «រត់សហគមន៍» ចម្ងាយ៩គីឡូម៉ែត្រ ក្នុងពេលនោះ ក៏មានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមបាល់ទាត់មនុស្សធម៌ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាង ១ពាន់នាក់ ដែលព្រឹត្តិការណ៍ និងសកម្មភាពទាំងអស់នោះ បានបង្ហាញឲ្យឃើញពីការគាំទ្រ និងការចូលរួមក្នុងការថែរក្សាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌជាតិយ៉ាងពិតប្រាកដ។

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពេលទស្សនាប្រដាល់ «អារាមគុនខ្មែរ» នៅជំរំជនភៀសសឹកវត្តពោធិ៍ ៥០០០ដើម បានថ្លែង ចាត់ទុកកម្មវិធីនេះ គឺជាការបង្កើតបរិយាកាសសប្បាយរីករាយដល់ជនភៀសសឹកនៅវត្តពោធិ៍ ៥០០០ដើម ដែលបានចាកឆ្ងាយពីលំនៅដ្ឋាន ជាច្រើនខែកន្លងមកហើយ។

ឯកឧត្តមបានបន្តថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗ បានជួបជុំគ្រួសារនៅគេហដ្ឋានយ៉ាងរីករាយ។ ដោយឡែក ពលរដ្ឋដែលរស់នៅជំរំវត្តពោធិ៍ ៥០០០ដើមមួយចំនួន មិនទាន់អាចវិលត្រឡប់ទៅគេហដ្ឋានវិញឡើយ។ ហើយដើម្បីបង្កើតបរិយាកាសដល់ពលរដ្ឋដែលចាកចេញពីផ្ទះ តាំងពីដើមខែមិថុនា២០២៥នោះមក ឯកឧត្តម ក៏បានរៀបចំកម្មវិធីប្រដាល់«អារាមគុនខ្មែរ» រយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ កញ្ញា និងការ«រត់សហគមន៍»ចម្ងាយ ៩គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវជុំវិញប្រាសាទកោះកេរ ដែលអាចផ្តល់ការសប្បាយរីករាយ និងចងចាំថា ជួរមុខ មិនភ្លេចជួរក្រោយនោះឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាករបស់ជនភៀសសឹក ដែលចាកឆ្ងាយពីផ្ទះសម្បែងរយៈពេលយូរ ហើយទុក្ខលំបាកទាំងនេះមិនត្រូវបានមើលរំលងឡើយ ដោយរដ្ឋាភិបាល តែងជួយទំនុកបម្រុង ជាពិសេសតាមរយៈរដ្ឋបាលខេត្តព្រះវិហារ ដែលបានជួយបង្កើតបរិយាកាស និងកម្មវិធីផ្សេងៗដល់ជនភៀសសឹកនៅទីនេះ។

ឯកឧត្តម មានក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីប្រដាល់ «អារាមគុនខ្មែរ» ក៏ដូច «រត់សហគមន៍»នេះ នឹងជួយសម្រាលអារម្មណ៍តានតឹងរបស់ប្រជាពលរដ្ឋ និងនាំមកនូវតែស្នាមញញឹមជានិច្ច ៕

ដោយ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner