ប្រជាការពារ ក្រុមអ្នកថែសួន និងក្រុមអ្នកសម្អាតក្នុងខណ្ឌដូនពេញជិត ៣០០នាក់ទទួលបានអំណោយពីអន្តរក្រសួងស្ថាប័ន

(ភ្នំពេញ)៖ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រួមជាមួយនិងមន្រ្តីអន្តរក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយនិងថវិកាមួយចំនួនរបស់អន្តរក្រសួងចែកជូនដល់ប្រជាពលរដ្ឋ ប្រជាការពារ និងក្រុមអ្នកបោសសម្អាតតាមទីសាធារណៈ ដែលមកពី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រមាណជាង ២៧០នាក់ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសកំពុងប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ឈិន កេតនា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសតែងតែរៀបចំប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ព្រោះបុណ្យនេះជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារសំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសមនុញ្ញផល មហាកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាក លោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិតដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។

ឯកឧត្តម បានបន្តថា កម្ពុជា មានពិធីបុណ្យធំៗច្រើន ដោយឡែកមានពិធីបុណ្យពីរ ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ឈប់សម្រាប់រយៈពេល៣ថ្ងៃ គឺ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ។ ដោយឡែកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ជូនថា អំណោយនិងថវិកាមួយចំនួនរបស់អន្តរក្រសួងដែលត្រូវបានចែកជូន ដល់ប្រជាពលរដ្ឋ ប្រជាការពារ និងក្រុមអ្នកបោសសម្អាតតាមទីសាធារណៈ ដែលមកពីខណ្ឌដូនពេញ រាជធានីភ្នំពេញនា ប្រមាណជាង ២៧០ នាក់ ដោយក្នុងម្នាក់ទទួលបាន៖ មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner