បក្សនយោបាយជប៉ុនសម្រេចលើក AI ឲ្យធ្វើជាមេដឹកនាំ

តូក្យូ ៖ គណបក្សនយោបាយជប៉ុន Path to Rebirth បាននិយាយថា ខ្លួនបានសម្រេចលើក បញ្ញាសិប្បនិមិត្ត ឬ AI ឲ្យធ្វើជាមេដឹកនាំថ្មី បន្ទាប់ពីស្ថាបនិកគណបក្ស បានលាលែង ក្រោយបរាជ័យ ក្នុងការបោះឆ្នោត។

លោក Koki Okumura និស្សិតបញ្ចប់បណ្ឌិត ផ្នែកស្រាវជ្រាវ AI ដែលបានពិពណ៌នាខ្លួនឯងថា ជាជំនួយការរបស់ប្រធានថ្មី បាននិយាយ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែកញ្ញា ថា ព័ត៌មានលម្អិតអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិត មិនទាន់បានកំណត់ទេ រួមទាំងពេលវេលា និងវិធីសាស្ត្រនៃការដាក់អនុវត្ត។

លោក Okumura បានបន្ថែមថា AI នឹងមិនបញ្ជាសកម្មភាពនយោបាយរបស់សមាជិកទេ ប៉ុន្តែ នឹងផ្តោតលើការសម្រេចចិត្ត ដូចជា ការចែកចាយធនធានរបស់គណបក្ស ឲ្យសមាជិក ជាដើម។

គួរបញ្ជាក់ថា គណបក្សនេះ ត្រូវបានបង្កើតឡើងក្នុងខែមករា ដោយលោក Shinji Ishimaru អតីតអភិបាលទីក្រុងតូចមួយ នៅភាគខាងលិចជប៉ុន។ បក្សនេះ មិនមានគោលនយោបាយជាក់លាក់ឡើយ ហើយសមាជិកមានសេរីភាព ក្នុងការបង្កើត និងកំណត់គោលនយោបាយផ្ទាល់ខ្លួន។

យ៉ាងណា លោក Ishimaru បានជាប់ចំណាត់ថ្នាក់លេខ ២ ដោយមិននឹកស្មានដល់ នៅក្នុងការបោះឆ្នោតអភិបាលក្រុងតូក្យូ ដោយសារយុទ្ធនាការអនឡាញដ៏ជោគជ័យ ប៉ុន្តែ លោក បានលាឈប់ពីបក្ស បន្ទាប់ពីបរាជ័យក្នុងការទទួលបានអាសនៈណាមួយ នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីខែកក្កដា ឆ្នាំ២០២៥៕

ប្រភពពី japantimes ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner