នាយករដ្ឋមន្ត្រីកម្ពុជា ស្នើប្រធានប្តូរវេនអាស៊ាន ធ្វើអន្តរាគមន៍ជាបន្ទាន់ ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើប្រធានប្តូរវេនអាស៊ាន ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹង ពាក់ព័ន្ធនឹងការវិវត្តន៍ នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី នាព្រលប់ថ្ងៃទី១៨កញ្ញា ។
សម្ដេច ហ៊ុន ម់ាណែត បានឱ្យដឹងថា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេច បានជួបពិភាក្សាតាមទូរសព្ទ ជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍ នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់ ។
ដោយស្ថានការណ៍នៅថ្ងៃនេះ បន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត សម្ដេចធិបតី បានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹង រវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំឱ្យមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយ ដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែន ពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ៕ ដោយ វណ្ណលុក