លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពរង​របួសភ្នែក​ខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេល​ការពារពី​សកម្មភាពកម្លាំងចម្រុះ​ថៃដែលចូលបំពានដែនដីកម្ពុជា

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីរសៀល​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញមក​សួរសុខទុក្ខដោយផ្ទាល់​ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ដោយក្តីអាណិតអាសូរជាពន់ពេក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ចែងឱ្យបញ្ជូនវីរកងទ័ពឈ្មោះ ម៉ន ភក្ត្រា អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់នៅមន្ទីរពេទ្យ​ព្រះអង្គឌួង។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យ​លើមុខរបួស និងថែមទាំងបានណែនាំ​ឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាព​ដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។លោកជំទាវបណ្ឌិត បានណែនាំ សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់​ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់​ការស្នាក់អាស្រ័យ​របស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។

ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បានយកអំណោយរបស់ សម្តេចធិបតីនិង លោកជំទាវ ប្រគល់ជូន​វីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។

សូមរំលឹកថា ហេតុការណ៍បានកើតឡើង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី​ចុះពិនិត្យ សង្កេតនៅទី​តាំង​ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ១៣:៥៧នាទី​រសៀល។ ក្រោយរយៈពេលប្រហែលជាង​មួយម៉ោង គឺនៅម៉ោង ១៥:៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល ៣០០នាក់ មានកាន់អាវុធប្រភេទស្រាលធ្ងន់គ្រប់ដៃ បានចូលមកធ្វើសកម្មភាពរាយ​បន្លាលួស រហូតដល់ម៉ោង ១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់បន្ថែមនូវរថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលបានធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក ប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើ​ហិង្សា អមនុស្សធម៌ ឥតសាសនា មកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ចំនួន ២៨អង្គ/នាក់ បណ្តាលឱ្យដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។ ខណ​​​ៈនោះក្នុងពេលកំពុងការពាររប្រជាពលរដ្ឋកម្ពុជាពី​សត្រូវ​ឈ្លានពាន វីរកងទ័ព ម៉ន ភក្ត្រា ក៏ត្រូវកម្លាំងចម្រុះភាគីថៃបាញ់ចំគ្រាប់ភ្នែកខាងស្តាំ បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ និងហូរ​ឈាមយ៉ាងច្រើន រួចក៏ត្រូវបានរៀប​ចំចាត់ចែងបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។

សកម្មភាពឯកតោភាគីខាងលើរបស់ភាគីថៃ គឺភាគីថៃផ្អែកលើផែនទីខ្នាត ១/៥០,០០០ ដែលគូសដោយឯកឯងរំលោភ​ចូលមកទឹកដីកម្ពុជា ដែលផ្ទុយស្រឡះពីផែនទីខ្នាត ១/២០០,០០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងរវាងគណៈ​កម្មការព្រំដែនឥណ្ឌូចិន និងសៀម បង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយថែមទាំងត្រូវបានបញ្ជាក់ទទួលស្គាល់ឡើងវិញដោយកម្ពុជា និងថៃ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខា​នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU 2000) ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិត និងទូរសព្ទផ្ទាល់​ទៅ​កាន់ប្រធានអាស៊ាន រួមទាំងថ្នាក់ដឹកនាំពិភពលោកនៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទ​ឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

ភាគីកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ការគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងទាំងឡាយ រួមមានដូចជា អនុស្សរណៈ ឆ្នាំ២០០០ (MOU 2000) របស់គណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ជាពិសេសគឺរាល់សេចក្តីសម្រេចក្នុងកិច្ចប្រជុំគណៈ​កម្មាធិការ​កិច្ចការ​ព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ (RBC) ៕

ដោយ៖វណ្ណុលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner