ការផ្សព្វផ្សាយចំណេះដឹងការធ្វើតេស្តកាយសម្បទាតាមរយៈបណ្តាញអតីតគរុនិស្សិតនៃទ្យាស្ថានជាតិអប់រំកាយនិងកីឡាមានសារៈប្រយោជន៍ខ្លាំងលើការអភិវឌ្ឍសុខមាលភាពប្រជាជន
(ភ្នំពេញ)៖ ថ្លែងក្នុងបទសម្ភាសន៍ ក្រោយបញ្ចប់សិក្ខាសាលា ស្តីពី “បណ្តាញអតីតគរុនិស្សិត” ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្នុងគម្រោងអភិវឌ្ឍន៍គុណភាពគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)។

អ្នកគ្រូ ជិន ស្រីខួច គ្រូបង្រៀនអប់រំកាយនិងកីឡា មកពីខេត្តរតនៈគីរី បានបញ្ជាក់ថា ចំណេះដឹងពាក់ព័ន្ធការធ្វើតេស្តកាយសម្បទា និងការប្រើប្រាស់កម្មវិធីតេស្តកាយសម្បទា ឬ PFT App (Physical Fitness Test Application) បានផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់គ្រូបង្រៀនអប់រំកាយនិងកីឡា ព្រោះអាចសម្រួលដល់ការប្រមូលទិន្ន័យលទ្ធផលតេស្តកាយរបស់សិស្សានុសិស្សកាន់ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។

ក្នុងនាមជាគ្រូបង្គោលនៃបណ្តាញអតីតគរុនិស្សិតរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា អ្នកគ្រូនឹងបន្តការចែករំលែកចំណេះដឹងដែលទទួលបានពីសិក្ខាសាលារយៈពេល៣ថ្ងៃនេះទៅកាន់គ្រូបង្រៀនអប់រំកាយនិងកីឡាដទៃទៀតនៅខេត្តរតនៈគិរី ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាជនកាន់តែល្អប្រសើរ ដែលជាការរួមចំណែកជួយឱ្យសង្គមជាតិកាន់តែរីកចម្រើន។

ជាមួយគ្នានេះដែរ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានថ្លែងលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី “បណ្តាញអតីតគរុនិស្សិត” គឺជាដំណើរការបង្កើតបណ្តាញអតីតគរុនិស្សិត ដើម្បីរៀបចំប្រមូល និងបញ្ជូនទិន្នន័យលទ្ធផលតេស្តកាយសម្បទារបស់សិស្សានុសិស្សនៅតាមបណ្តាលសាលារៀន ក៏ដូចជាការបង្កើនឱកាសទំនាក់ទំនង ការផ្សព្វផ្សាយពីការបង្រៀនមុខវិជ្ជាអប់រំកាយបែបថ្មីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលជួយអភិវឌ្ឍដល់ការរីកលូតលាស់រាងកាយ និងសុខភាពរបស់សិស្សានុសិស្ស ឱ្យទទួលបានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបានផ្តាំផ្ញើដល់សិក្ខាកាមដែលជាគ្រូបង្រៀនអប់រំកាយនិងកីឡាទាំងអស់ ទាំងនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ទាំងមន្ត្រី និងគ្រូបបង្រៀនអប់រំកាយនិងកីឡាមកពី២៥រាជធានីខេត្ត ចូលរួមសហការប្រមូល និងផ្តល់ទិន្នន័យទល្ធផលតេស្តកាយសម្បទារបស់សិស្សានុសិស្ស ដើម្បីយកមកពិនិត្យ និងវាយតម្លៃពីលទ្ធផលសម្រាប់រៀបចំផែនការ និងពង្រឹងការរៀបចំកម្មវិធីសិក្សាលម្អិតស្របតាមស្តង់ដារនៃការបង្រៀន និងការរៀន ព្រមទាំងឆ្លើយតបទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព។ ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណចំពោះអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានចូលរួមជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍គុណភាពគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយនេះគឺជាការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡានៅកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី “បណ្តាញអតីតគរុនិស្សិត” មានកិច្ចសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសក្នុងគម្រោងអភិវឌ្ឍន៍គុណភាពគ្រឹះស្ថានឧត្តមសិក្សា អប់រំគ្រូបង្រៀនអប់រំកាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា មានសិក្ខាកាមចូលរួមចំនួន៣២នាក់ គ្រូឧទ្ទេសនៃវិទ្យាស្ថានមានចំនួន៧នាក់ ព្រមទាំងមន្ត្រី និងគ្រូបង្រៀនអប់រំកានិងកីឡាមកពី២៥រាជធានីខេត្ត៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ
