រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កោតសរសើរ កញ្ញា កុយ អេនណា ក្នុងបេសកកម្មដំណើរ ដោយថ្មើរជើងទៅដល់ខេត្តសៀមរាប
(ភ្នំពេញ)៖ ក្នុងគោលដៅ ផ្សារភ្ជាប់ក្តីសង្ឃឹមដើម្បីកុមារ ឬជនពិការនៅកម្ពុជា និងដើម្បីចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ដ៏សម្បូរបែប សុវត្ថិភាព ក្រោមម្លប់សន្តិភាព ទៅកាន់ពិភពលោក កញ្ញា កុយ អេនណាបានសម្រេចគោលដៅរបស់នាងហើយ ដោយបានធ្វើដំណើរដោយថ្មើរជើងទៅដល់ខេត្តសៀមរាប។
គួរបញ្ជាក់ថា កញ្ញា កុយ អេនណា បានធ្វើដំណើរដោយថ្មើរជើងទៅដល់ទឹកដីអង្គរនៅវេលាម៉ោង៩យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ និងបញ្ចប់ការដើរនៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២២ បន្ទាប់ពីចំណាយពេលវេលាសរុប១៩ថ្ងៃ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា”ក្នុងនាមក្រសួងទេសចរណ៍ សូមចូលរួមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតាំងចិត្តប្រកបដោយឆន្ទ:មោះមុតរបស់កញ្ញា កុយ អេនណា ដើម្បីលើកកម្ពស់ក្តីសង្ឃឹមរបស់កុមារ និងជនពិការនៅកម្ពុជា ជាពិសេសគឺការចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាដ៏សម្បូណ៌បែប និងគោលដៅសុវត្ថិភាព ក្រោមម្លប់សន្តិភាពទៅកាន់ពិភពលោក”។
ក្នុងបេសកម្មដំណើរថ្មើរជើងលើកដំបូងទៅកាន់ខេត្តសៀមរាបក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍”របស់កញ្ញា កុយ អេនណា នេះធ្វើឡើងក្នុងគោលដៅធំៗចំនួន២ គឺផ្សារភ្ជាប់នូវការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ដែលឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ និងរៃអង្គាសថវិកាជួយកុមារ និងជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា។ចំពោះមូលនិធិ និងថវិកាដែលប្រមូលបានពីសប្បុរសជន កញ្ញានឹងយកទៅជួយឧបត្ថម្ភនៅតាមមណ្ឌលកុមារកំព្រា និងជនពិការដែលជួបការខ្វះខាត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ៕
ដោយ ៖ ម៉ាដេប៉ូ


