ចិនបង្ហាញល្ខោនប្រពៃណីដ៏ចំណាស់ មានអាយុកាលជាង ៦០០ឆ្នាំ

គួយចូវ ៖ សារព័ត៌មានចិន People’s Daily បានដឹកនាំប្រតិភូសារព័ត៌មានបរទេសទៅទស្សនាការសំដែងល្ខោនបុរាណចិន ឬគេស្គាល់ទូទៅនៅកម្ពុជាថា ហ៊ី ដែលជាប្រពៃណីដ៏ចំណាស់ មានអាយុកាលជាង ៦០០ឆ្នាំ។

សិល្បៈល្ខោនបុរាណចិននេះមានឈ្មោះថា Guizhou Dixi គឺជាល្ខោនបែបប្រពៃណីដ៏ចំណាស់មួយរបស់ប្រជាជនចិនក្នុងខេត្ត Guizhou ប្រទេសចិន។

ល្ខោន Dixi មានអាយុកាលជាង ៦០០ ឆ្នាំមកហើយ តាំងពីដើមរាជវង្សមីងឆ្នាំ ១៣៦៨-១៦៤៤។ ល្ខោននេះ មានប្រភពមកពីការតាំងទីលំនៅរបស់កងទ័ពពីភាគខាងជើងនៃប្រទេសចិន ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ Guizhou។

កងទ័ព និងគ្រួសារ ដែលត្រូវបានគេស្គាល់ថា ជាប្រជាជន Tunpu បានបង្កើតទម្រង់សិល្បៈនេះឡើង ដោយរួមបញ្ចូលការសម្តែងយោធា និងរឿងរ៉ាវប្រវត្តិសាស្ត្រ។

អ្នកសម្តែងល្ខោននេះ ត្រូវពាក់របាំងមុខធ្វើពីឈើឆ្លាក់ ដោយរបាំងមុខនីមួយៗមានភាពរស់រវើក និងមានពណ៌ស្រស់ឆើតឆាយ ដែលតំណាងឱ្យចរិតលក្ខណៈរបស់តួអង្គ។

ជាធម្មតា គេសម្ដែងល្ខោននេះ នៅតាមទីវាល ឬទីធ្លាទំនេរក្នុងភូមិប៉ុណ្ណោះ ដោយភាគច្រើនប្រើឧបករណ៍ស្គរ និងគង។ ល្ខោននេះ ត្រូវបានសម្តែង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីបណ្តេញវិញ្ញាណអាក្រក់ និងនាំមកនូវសំណាងល្អ និងផលដំណាំបរិបូរណ៍៕

អត្ថបទ ៖ ឈឹម ទីណា

រូបភាព និង ប្រភពនៅប្រទេសចិន

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner