រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានចាត់ទុកថាតំបន់ទីតាំងចំនួន ១៧ ស្ថិតនៅតាមបណ្តោយព្រំដែនដែលថៃបំភ្លៃថាជាទឹកដីរបស់ខ្លួនជាការគំរាមកំហែង និងបំភ្លែការពិតជាក់ស្តែង

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបាន សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះ សេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំង កាសែត The Nation Thailand ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ “ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន ១៧ ស្ថិតនៅតាមបណ្តោយព្រំដែន ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង រួមទាំងតំបន់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។

ក្នុងសេចក្តីប្រកាសនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)ភាគីកម្ពុជា បានធ្វើ លិខិតតវ៉ាទៅកាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)ភាគីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបដូចខាងក្រោម៖

១. ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ខាងលើ គឺជាការគំរាមអនុវត្តដោយបង្ខំនូវការខណ្ឌសីមាលើដីជាក់ស្តែងដោយឯកតោភាគី ដែល រំលោភលើខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ (MOU ២០០០) ជាពិសេស រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ហើយអាចបំផ្លាញលទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងការចរចានាពេលបច្ចុប្បន្ន និងទៅអនាគតរបស់ JBC នៃភាគីទាំងពីរ។

២.សកម្មភាពឯកតោភាគីខាងលើ គឺជាការបង្កហេតុ ដែលអាចនាំឱ្យមានភាពតានតឹងកើនឡើងនៅតាម ព្រំដែន និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥, លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ជាពិសេសបំពាន លើកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាពដែលធ្វើឱ្យខូច ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬ ពង្រីកវិសាលភាព និងទំហំនៃជម្លោះ។

៣.ការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខរបស់ JBC នៃប្រទេសទាំងពីរ ដោយគ្មានយន្តការ ឬស្ថាប័នផ្សេងណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។ ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវឱ្យភាគីថៃលើកយកបញ្ហាខាងលើនេះមក ដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលគ្រោងរៀបចំកិច្ចប្រជុំ នាពេលដ៏ឆាប់ខាងមុខ។

ជាមួយគ្នានេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ និង ឥតងាករេ ក្នុងការដោះស្រាយការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពដោយភាគីទាំងពីរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner