អ៊ីរ៉ង់ចាប់ដៃរុស្ស៊ី សង់រោងចក្រនុយក្លេអ៊ែរ ៨កន្លែង
មូស្គូ ៖ សាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានប្រកាសថា កាលពីថ្ងៃទី២៤ ខែកញ្ញា រុស្ស៊ី និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួន៨កន្លែង ក្នុងប្រទេសអ៊ីរ៉ង់ ដោយចាត់ទុកថា «គម្រោងជាយុទ្ធសាស្ត្រ»។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន រយធឺ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ បានធ្វើឡើង នៅក្នុងជំនួបរវាងប្រធានក្រុមហ៊ុន Rosatom លោក Alexei Likhachev និង លោក Mohammad Eslami ប្រធានអង្គការថាមពលបរមាណូ និង ជាអនុប្រធានាធិបតីអ៊ីរ៉ង់ នៅទីក្រុងមូស្គូ។
លោក Eslami បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ផែនការនេះ នឹងជួយឲ្យទីក្រុងតេអេរ៉ង់ សម្រេចឲ្យបាននូវសមត្ថភាពថាមពលនុយក្លេអ៊ែរ ២០ ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៤០។
គួរបញ្ជាក់ថា បច្ចុប្បន្ន អ៊ីរ៉ង់ ដែលតែងតែទទួលរងនូវការខ្វះខាតអគ្គិសនី ក្នុងអំឡុងខែ ដែលមានតម្រូវការខ្ពស់ មានរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងប្រតិបត្តិការតែមួយគត់ នៅទីក្រុង Bushehr ភាគខាងត្បូង នៃប្រទេស។
រោងចក្រនេះ ត្រូវបានសាងសង់ឡើង ដោយប្រទេសរុស្ស៊ី និងមានសមត្ថភាពផលិតថាមពលប្រហែល ១ ជីហ្គាវ៉ាត់។
យ៉ាងណា កិច្ចសហការគ្នានេះធ្វើឡើង ស្របពេលដែល រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ៊ីរ៉ង់ ហើយកន្លងមក រុស្ស៊ី ក៏បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់អះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ គ្មានចេតនា ផលិតគ្រាប់បែកបរិមាណូ នោះទេ៕
ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត