កូឡុំប៊ី ហៅការវាយប្រហារទូកដែលគ្រាន់តែសង្ស័យថាដឹកគ្រឿងញៀន ជាទង្វើទុច្ចរិត

បូហ្គោតា ៖ ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បានហៅការវាយប្រហាររបស់អាមេរិក លើទូកដែលរងការចោទប្រកាន់ថា ដឹកគ្រឿងញៀន គឺជាទង្វើទុច្ចរិត។

នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី២៤ ខែកញ្ញា លោក Gustavo Petro ថែមទាំងបានអំពាវនាវ ឱ្យមានដំណើរការ ដាក់ទោសព្រហ្មទណ្ឌ លើមន្ត្រីអាមេរិក ប្រសិនបើការស៊ើបអង្កេតរកឃើញថា ជនជាតិកូឡុំប៊ី ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារទាំងនោះ។

លោក Petro បាននិយាយថា មិនគួរមានមនុស្សស្លាប់ ក្នុងការបញ្ឈប់ទូកដែលគ្រាន់តែគេជឿថា មានជាប់ពាក់ព័ន្ធ នឹងការរត់ពន្ធគ្រឿងញៀន។ លោកអះអាងទៀតថា «យើងមានប្រវត្តិ ជាយូរមកហើយ ក្នុងការសហការជាមួយទីភ្នាក់ងារអាមេរិក និងទីភ្នាក់ងារផ្សេងទៀត ក្នុងការបង្ក្រាប រឹបអូស កូកាអ៊ីន តាមសមុទ្រ ហើយ គ្មាននរណាម្នាក់ ស្លាប់ទេ ពីមុនមក មិនចាំបាច់សម្លាប់ អ្នកណាឡើយ»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យវាយប្រហារលើទូក ទាំងនោះ ៣ដង សម្លាប់មនុស្ស ១៧នាក់ ចាប់តាំងពីដើមខែកញ្ញានេះ ដើម្បីបញ្ឈប់ នូវអ្វីដែលលោកហៅថា លំហូរនៃសារធាតុ fentanyl និងគ្រឿងញៀនខុសច្បាប់ផ្សេងទៀត ចូលទៅក្នុងសហរដ្ឋអាមេរិក។

យោងតាមរដ្ឋបាល Trump បានឱ្យដឹងថា ជាការវាយប្រហារ នៅក្នុងដែនទឹកអន្តរជាតិ ផ្តោតជាចម្បង ទៅលើប្រទេសជិតខាងនឹងគ្នា ចំនួនពីរ គឺ កូឡុំប៊ី និង វេណេស៊ុយអេឡា ប៉ុន្តែ សហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានលម្អិតតិចតួច អំពីគោលដៅ និងបុគ្គល ដែលត្រូវបានសម្លាប់ ហើយរបាយការណ៍របស់ខ្លួន គ្រាន់តែបញ្ជាក់ថា សមាជិកនៃក្រុមទំនើង Tren de Aragua ស្ថិតនៅលើទូក ដែលបានវាយប្រហារ លើកដំបូង។

ការណ៍នេះ នាំឲ្យអ្នកជំនាញច្បាប់ បានចោទសួរថា តើពួកគេបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ ឬ អត់។ សមាជិកសភា កូតាគណបក្ស ប្រជាធិបតេយ្យ នៅអាមេរិក បានទាមទារចម្លើយ ពីសេតវិមាន ជុំវិញភាពស្របច្បាប់ នៃការវាយប្រហារនេះ ហើយ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានពិពណ៌នាថា ជាការប្រហារជីវិតមនុស្ស ក្រៅប្រព័ន្ធតុលាការ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner