អាល្លឺម៉ង់សម្ញែងដ្រូនយោធា AI ថ្មី ទម្ងន់ ៤តោន ត្រៀមចូលបម្រើវិស័យយោធា ៤ឆ្នាំទៀត

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់បានបញ្ចេញរូបរាងយន្តហោះគ្មានមនុស្សបើកយោធាថ្មីមួយ ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានឈ្មោះថា «CA-1 Europa» និង មានទម្ងន់ប្រហែល ៤តោន ហើយគ្រោងនឹងចូលបម្រើវិស័យយោធាក្នុងរយៈពេល ៤ឆ្នាំទៀត។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា។

យន្តហោះដ្រូនយោធាស្វ័យប្រវត្តិថ្មីនេះ បង្កើតឡើងដោយ Helsing ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីបម្រើដល់វិស័យការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងរត់ប្រណាំងនៅក្នុងបច្ចេកវិទ្យាប្រព័ន្ធបញ្ជាពីចម្ងាយ ដែលអាចហោះចូលសមរភូមិជាមួយយន្តហោះដ្រូនផ្សេងទៀត ឬសហការជាមួយយន្តហោះចម្បាំង ដើម្បីបង្កើតអនាគតនៃការប្រយុទ្ធដែនអាកាស។

ក្រុមហ៊ុន Helsing បានឱ្យដឹងថា CA-1 Europa គឺជាប្រភេទយន្តហោះចម្បាំងស្វយ័តមួយ នៅក្នុងថ្នាក់ទម្ងន់ពី ៣ទៅ ៥តោន ដែលស្ថិតនៅក្រោមការអភិវឌ្ឍនៅ Helsing និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Grob Aircraft ហើយគ្រោងនឹងចាប់ផ្តើមសំកាំងខ្លួនលើផ្ទៃមេឃលើកដំបូងនៅឆ្នាំ ២០២៧។

គួរកត់សម្គាល់ Helsing កំពុងធ្វើការជាមួយដៃគូឈានមុខគេនៅក្នុងប្រព័ន្ធអេកូឡូស៊ីអវកាសអឺរ៉ុប ដើម្បីផលិតយន្តហោះដ្រូនដំណើរការដោយ AI ដែលផ្តោតលើការធ្វើមាត្រដ្ឋាន និងខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភារដែលមានភាពធន់។

តួយ៉ាង បច្ចេកវិទ្យាយន្តហោះដ្រូនបានក្លាយជាការប្រកួតប្រជែងដ៏ខ្លាំងក្នុងវិស័យយោធាបច្ចុប្បន្ននេះ។ ហើយចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ការអភិវឌ្ឍបច្ចេកវិទ្យាយន្តហោះដ្រូនបានកើនយ៉ាងខ្លាំង ជាមួយបរិមាណនៃការផលិតក៏កាន់តែច្រើននៅលើពិភពលោក ជាពិសេសក្នុងប្រទេសដែលប្រឈមមុខនឹងសង្គ្រាម៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner