ចិនត្រៀមដាក់ដំណើរការនាវាផ្ទុកយន្តហោះខ្នាតយក្សទី៣ឆាប់ៗនេះ

ប៉េកាំង ៖ ប្រទេសចិននិយាយថា នាវាផ្ទុកយន្តហោះខ្នាតយក្សទី ៣ របស់ខ្លួន មានឈ្មោះថា Fujian ត្រូវបានរំពឹងថា នឹងចូលបម្រើការនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាផ្នែកមួយនៃការសាកល្បងបើកបរក្នុងដែនសមុទ្រ ដែលជាផ្លូវទឹកដ៏រសើបបំផុតចំនួនពីរ។

Fujian ដែលបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២២ គឺជានាវាផ្ទុកយន្តហោះដ៏ទំនើបបំផុត និង ជានាវាផ្ទុកយន្តហោះដំបូងគេរបស់ប្រទេសចិន ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult ជាឧបករណ៍ដែលអាចឱ្យយន្តហោះបង្កើនល្បឿន មុនពេលហោះចេញពីនាវា។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Zhang Xiaogang បាននិយាយថា បេសកកម្មរបស់នាវា Fujian នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ គឺមិនយូរឡើយ។ លោកថា ការសាកល្បងធ្វើនាវាចរណ៍ និង ការហ្វឹកហ្វឺនបញ្ជានាវាកំពុងដំណើរការដោយជោគជ័យស្របតាមផែនការ។

ទូរទស្សន៍រដ្ឋរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ ក៏បានរាយការណ៍ពីភាពជោគជ័យ នៃការហ្វឹកហ្វឺនហោះហើររបស់យន្តហោះនៅលើនាវា មានទាំងការហោះឡើង និង ការចុះចតដោយមានជំនួយពីប្រព័ន្ធ catapult ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង និងការព្រមានជាមុន ពិសេសការគ្រប់គ្រងយន្តហោះ។

គួរកត់សម្គាល់ ប្រទេសចិនមានបំណងបង្កើនសមត្ថភាពប្រតិបត្តិការដែនទឹករបស់ខ្លួន ដោយប្រើនាវាផ្ទុកយន្តហោះទី៣ Fujian រួមជាមួយនាវាផ្ទុកយន្តហោះទំនើបបំផុតចំនួន ២គ្រឿងផ្សេងទៀតរបស់ខ្លួន គឺ Liaoning និង Shandong។ ជាការឆ្លើយតប បណ្តាប្រទេសជុំវិញចិន រួមទាំងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ហាក់មានការចាប់អារម្មណ៍ និង បង្កើនការប្រុងប្រយ័ត្នអំពីការកសាងកម្លាំងយោធារបស់ប្រទេសចិន៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner