ឡាវរំពឹងកើបលុយ ១៣ ពាន់លានដុល្លារពីវិស័យទេសចរនៅឆ្នាំ២០៣០

វៀងចន្ទន៍ ៖ ប្រទេសឡាវបានបញ្ចេញផែនការប្រកបដោយមហិច្ឆិតាមួយ ដោយចង់ស្រូបទាញភ្ញៀវទេសចរជាង ៤៣លាននាក់ នៅចន្លោះឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ជាមួយនឹងប្រាក់ចំណូលប្រមាណ ១៣ ពាន់លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ លោកស្រី ស៊ូអានសាវ៉ាន់ វីយ៉ាកេត បានប្រកាសថ្មីៗនេះថា ក្នុងចំណោមអ្នកទេសចរទាំង ៤៣លាននាក់នោះ រួមមានភ្ញៀវទេសចរក្នុងស្រុកចំនួន ២១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២២លាននាក់។

លោកស្រីថា ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ក្រសួងគ្រោងធ្វើឱ្យប្រសើរឡើង និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតាមគោលដៅសំខាន់ៗ ពិសេសអភិវឌ្ឍភាពទាក់ទាញថ្មីៗ និង លើកកំពស់គ្រឿងបរិក្ខារនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដែលតភ្ជាប់ខេត្ត និងប្រទេសជិតខាង។

យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់ទៅលើការកែលម្អគុណភាពនៃតំបន់ទេសចរណ៍ តាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាល អាជីវកម្មក្នុងស្រុក និងសហគមន៍។ ម្យ៉ាងវិញទៀត ក៏ទាមទារការផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញ និង បង្កើនសមត្ថភាពរបស់បុគ្គលិកទេសចរណ៍ផងដែរ។

យោងតាមគោលដៅទាំងនេះ ឡាវមានគោលបំណងស្រូបទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៣លាននាក់នៅត្រឹមដំណាច់ឆ្នាំ ២០២៥។ ហើយនៅក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ប្រទេសឡាវបានស្វាគមន៍ភ្ញៀវទេសចរជាង ៣លាននាក់ កើនឡើង ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ ហៅកាត់ (UNWTO) បានឱ្យដឹងថា ប្រទេសឡាវបានជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមគោលដៅទេសចរណ៍ដែលមានកំណើនលឿនបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៤ ដោយបានគូសបញ្ជាក់ពីកំណើន និងសក្តានុពលដ៏រឹងមាំរបស់វិស័យទេសចរណ៍៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner