សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ លើកទី២
(ភ្នំពេញ)៖ ស្ថិតក្រោមការដឹកនាំរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី២ តែក៏ជាកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកដំបូងមួយ ក្រោយពីក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ត្រូវបានរៀបចំចេញជារូបរាង និងមានគ្រប់សមាសភាព ដោយមានការចូលរួមពីឯកឧត្តម តុប សំ ជាអនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ។
តាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ លើកទី២ មានរបៀបវារៈ ២ ធំៗ ដើម្បីពិនិត្យ រួមមាន ៖ ទី១៖ ឆ្លងផែនការយុទ្ធសាស្ត្រ និងនយោបាយប្រឆាំងអំពើពុករលួយ និងផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤ (២០២៥-២០៣០) និង ទី២៖ របាយការណ៍ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនកាក់ – UNCAC) ជុំទី២ ។
បន្ទាប់ពីសេចក្តីរាយការណ៍អំពីផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤ សេចក្តីរាយការណ៍អំពីរបាយការណ៍ការត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ជុំទី២ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានផ្តល់មតិជាបន្តបន្ទាប់ ហើយជាយោបល់របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) យល់ថា ឯកសារផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤ ត្រូវបានកែសម្រួលច្រើនលើកពីសំណាក់ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ប៉ុន្តែគប្បីត្រូវការពេលវេលាបន្តិចទៀត ដើម្បីគណៈលេខាបូកសរុបជាចុងក្រោយ និងកែសម្រួលតាមយោបល់ពិភាក្សាពិនិត្យ មុននឹងអនុម័ត និងផ្សព្វផ្សាយជាសាធារណៈ ។
ចំពោះភាពរំជើបរំជួលដោយមានលេចព័ត៌មានបែកធ្លាយវិញ្ញាសាគណិតវិទ្យាមុនពេលប្រឡង ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) កោតសរសើរអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដែលបានស្រាវជ្រាវភ្លាមៗ ។ ជាលទ្ធផល អង្គភាពប្រឆាំងអំពើពុករលួយ បានរកមិនឃើញថា មានការចេញ ឬបែកធ្លាយវិញ្ញាសាគណិតវិទ្យាមុនម៉ោងប្រឡងឡើយ។ ប្រការនេះ បានធ្វើឱ្យការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានដំណើរការប្រកាសក្រោមការសាទរពីទូទាំងប្រទេស តែអង្គភាពប្រឆាំងអំពើពុករលួយ នៅមិនទាន់បានបិទការស៊ើបអង្កេតរឿងនេះទាំងស្រុងនៅឡើយទេ ។
ចំពោះករណី ដែលបានឃើញអង្គភាពប្រឆាំងអំពើពុករលួយ បើកប្រតិបត្តិការនាំខ្លួនជនត្រូវចោទ ២នាក់ ឈ្មោះ ហេង សុខណា និងឈ្មោះ មុនី សុខដារ៉ូ (អនុសេនីយ៍ត្រី) ពីខេត្តកំពតមក គឺជារឿងចាស់ ដែលកើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៥ មកម្លេះ ដោយនៅពេលនោះ ក្រោយពីមានភស្តុតាងគ្រប់គ្រាន់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យប៉ុនប៉ងសូកប៉ាន់ ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលមានឈ្មោះ ១-វ៉ន វាសនា ជាអធិការរងនគរបាលស្រុកបវេល (មានខ្លួន) ២-តាំង សំណាង ជាយោធា (មានខ្លួន) ៣-ហេង សុខណា (គេចខ្លួន) ៤-មុនី សុខដារ៉ូ (គេចខ្លួន) ៥-OVARARINT RAWI ជាថៅកែពួក Online Scams ដែលគ្រប់គ្រងជនជាតិថៃ ៤៣ នាក់ និងជាអ្នកចំណាយលុយ 774,000 ដុល្លារអាមេរិក ឲ្យមានការរត់ការដោះលែងកូនចៅរបស់ខ្លួន ដែលបានស្នាក់នៅ ព្រមទាំងធ្វើការងារឆបោក អនឡាញ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (គេចខ្លួន) និង ៦-SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន) ជាអ្នកឃុបឃិតរត់ការ។
១-វ៉ន វាសនា ជាអធិការរងនគរបាលស្រុកបវេល និង២-តាំង សំណាង ជាយោធា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅតុលាការរួចហើយតាំងពីខែឧសភា ឆ្នាំ២០២៥ ដោយឡែក ឈ្មោះ ហេង សុខណា និង មុនី សុខដារ៉ូ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាអ្នកទី៣ និងទី៤ ក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើ។ ដូច្នេះសំណុំរឿងនេះ នៅសល់តែជនជាតិថៃ ២ រូបទៀត ដែលពុំទាន់ចាប់ខ្លួនបាន ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ សួង ពសិដ្ឋ








