មកស្គាល់ប្រាសាទបន្ទាយទ័ព ដែលនៅកៀកនឹងព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ប្រាសាទបន្ទាយទ័ព ជាប្រាសាទបុរាណខ្មែរដ៏​ចំណាស់មួយនិងបានក្លាយ​ជាទីសក្ការៈបូជា​របស់​ប្រជាពល​រដ្ឋខ្មែរទូទៅជិតឆ្ងាយដែលធ្វើដំណើរទៅដល់ទីនោះផងដែរ។ ប្រាសាទនេះស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ពោលគឺនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកម្ពុជា -ថៃ។

ទាក់ទងនឹងប្រាសាទបន្ទាយទ័ព លោក យង់ តាំងកួយ ប្រធាន​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយ​មានជ័យ​បានឱ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា យោងតាម​ឯកសារ និងសកម្មភាព​ជាក់ស្តែង​នា​បច្ចុប្បន្ន​ប្រាសាទបន្ទាយទ័ព ​ជាទីគោរពបូជារបស់​ប្រជាពល​រដ្ឋទូទៅ ។លើសពីនេះ​អ្នកមានជំនឿលើការ​បន់ស្រន់​ផ្សេងៗ​តែងតែជឿជាក់យ៉ាង​មុតមាំលើវត្ថុស័ក្ដិសិទ្ធនិងបារមីបដិមានៅក្នុងប្រាសាទ ។ជារឿយៗអ្នកដែល​ទទួលបាន​ផលពី​ការបន់ស្រន់ ក៏តែងតែយក​តង្វាយនានាមកលាបំណន់នៅ​ទីនេះដែរ ។

ប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងនៅខាងត្បូងប្រាសាទ​បន្ទាយ​ឆ្មារ ចម្ងាយ៧គីឡូម៉ែត្រ ។

លោក ចាន់ អឿន អនុប្រធានការិយាល័យបេតិកភណ្ឌ នៃ​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បាន​បន្ថែមថា​ ប្រាសាទបន្ទាយទ័ពបើតាមអ្នកស្រាវជ្រាវខ្មែរ និងបរទេស ដោយសិក្សាតាមរយៈសំណង់ស្ថាបត្យកម្ម រចនាបថសិល្បៈ និងសំណល់បដិមាដែលបន្សល់ក្នុងបរិវេណប្រាសាទបង្ហាញថា​ប្រាសាទនេះកសាង​ឡើងក្នុងរាជ​ព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិសចំពោះព្រះពុទ្ធសាសនា​មហាយាន។ប្រាសាទបន្ទាយទ័ព ដដែលក៏ជាទីកន្លែងស្នាក់នៅ​ហ្វឹក​ហាត់ក្បាច់ចំបាប់ យុទ្ធចម្បាំងដល់ពលសេនា ឬកងទ័ព​។គឺជាបន្ទាយកងទ័ព​នា​រជ្ជកាលនោះទើបជាប់ឈ្មោះថាប្រាសាទ​បន្ទាយទ័ពរហូតដល់សព្វថ្ងៃ។

លោកបន្តថា ម៉្យាងវិញទៀតព្រះបាទជ័យវរ័្មនទី៧និងអ្នកមាន​ជំនឿ​លើព្រហ្មញ្ញសាសនា ក៏ដូចជាអ្នកកាន់ពុទ្ធសាសនា​ឬពុទ្ធបរិស័ទតែងទុកប្រាសាទបន្ទាយទ័ពនេះជាទីសក្ការៈគោរពបូជាតាំងពីដើមតរៀងមក៕ អត្ថបទនិងរូបភាព៖គៀន ច័ន្ទហ៊ីន

ads banner