សម្តេចតេជោ ហ៊ុន សែន ចូលរួមថវិកាចំនួន ៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ
(ភ្នំពេញ)៖ ឯកឧត្តម សេង ទៀង តំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញនាំយកថវិកាចំនួន ៥០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធ ឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ។
សូមជម្រាបថា បុណ្យកឋិនទាន ឆ្នាំនេះ ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
បុណ្យកឋិនទាន ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង, ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ, ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន ៕
ដោយ ៖ វណ្ណលុក

