រញ្ជួយដីនៅហ្វីលីពីន អ្នកស្លាប់កើនដល់៧២នាក់
ម៉ានីល ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសហ្វីលីពីន បានកើនឡើងទៅដល់ ៧២នាក់ ខណៈដែលការស្វែងរក បានបន្ថយដៃ។
ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារការរញ្ជួយដីដ៏ខ្លាំងមួយ នៅភាគកណ្តាល ប្រទេសហ្វីលីពីន បានកើនឡើងដល់ ៧២នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលការស្វែងរកអ្នកបាត់ខ្លួន និង អ្នកជួយសង្គ្រោះបានបង្វែរការផ្តោតអារម្មណ៍ របស់ពួកគេ ទៅលើអ្នករងរបួស រាប់រយនាក់ និង រាប់ពាន់នាក់ទៀត ដែលគ្មានផ្ទះសម្បែង។
អ្នកនាំពាក្យក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Junie Castillo បាននិយាយថា «យើងមិនមានការបាត់ខ្លួនទៀតទេ ដូច្នេះ ការសន្មត់ទាំងអស់ ត្រូវបានរាប់បញ្ចូល»។
រដ្ឋាភិបាលបាននិយាយថា មនុស្ស២៩៤នាក់បានរងរបួស ហើយប្រហែល ២ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ ផ្ទះជិត ៦០០ខ្នង ត្រូវបានបំផ្លាញ នៅភាគខាងជើង នៃខេត្ត Cebu ហើយ មនុស្សជាច្រើនកំពុងដេក នៅតាមដងផ្លូវ ខណៈដែលការរញ្ជួយដី បានអង្រួនតំបន់នោះច្រើនលើក។
អភិបាលខេត្ត Cebu លោកស្រី Pamela Baricuatro បានអំពាវនាវរកជំនួយ ដោយនិយាយថា មនុស្សរាប់ពាន់នាក់ ត្រូវការទឹកស្អាត អាហារ សំលៀកបំពាក់ និងលំនៅដ្ឋានបណ្តោះអាសន្ន ក៏ដូចជា អ្នកស្ម័គ្រចិត្ត ដើម្បីចែកចាយជំនួយ។
លោកប្រធានាធិបតី Ferdinand Marcos បានធ្វើដំណើរទៅកាន់ខេត្ត Cebu ជាមួយនឹងជំនួយការជាន់ខ្ពស់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យមើលការខូចខាត។
ការរញ្ជួយដី កើតឡើង ញឹកញាប់ ក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ដែលជាធ្នូនៃសកម្មភាពរញ្ជួយដ៏ខ្លាំង លាតសន្ធឹងពីប្រទេសជប៉ុន ឆ្លងកាត់អាស៊ីអាគ្នេយ៍ និង ឆ្លងកាត់អាងប៉ាស៊ីហ្វិក៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត