ទីបំផុត ឥណ្ឌូណេស៊ីព្រមផ្អាកកម្មវិធីចែកអាហារ ក្រោយពុលសិស្សជាង ៦ ពាន់នាក់
ហ្សាកាតា ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីសម្រេចផ្អាកកម្មវិធីចែកអាហារឥតគិតថ្លៃជាបណ្តោះអាសន្ន ស្របពេលមានការស៊ើបអង្កេត ជុំវិញករណីសិស្សពុលអាហារដ៏ធំមិនធ្លាប់មានរហូតដល់ជាង ៦,០០០នាក់ ប៉ុន្តែបាននិយាយថា កម្មវិធីនេះនឹងបន្តទូទាំងប្រទេសឡើងវិញ បើសិនអាជ្ញាធររកឃើញមូលហេតុ និងវិធីទប់ស្កាត់ឧប្បត្តិហេតុនេះកើតឡើងម្តងទៀត។

ប្រធានទីភ្នាក់ងារអាហារជាតិ ហៅកាត់ (BGN) ដែលគ្រប់គ្រងកម្មវិធីចែកអាហារឥតគិតថ្លៃរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Dadan Hindayana បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា យើងបានបញ្ឈប់ប្រតិបត្តិការផ្ទះបាយ នៃកម្មវិធីចែកអាហារឥតគិតថ្លៃ ដែលជាដើមចងមានបញ្ហា បន្ទាប់ពីឧប្បត្តិហេតុពុលអាហារកើនឡើងជាបន្តបន្ទាប់ថ្មីៗនេះ។

លោកថា ការសម្រេចចិត្តបែបនេះ គឺមានគោលបំណងត្រួសត្រាយផ្លូវដល់ដំណើរការស៊ើបអង្កេតរកមូលហេតុ និងកែលម្អទីតាំងប្រើប្រាស់ចម្អិនអាហារ ខណៈកម្មវិធីចែកអាហារឥតគិតថ្លៃនេះ នឹងបន្តទូទាំងប្រទេសឡើងវិញ ក្រោមការត្រួតពិនិត្យសុវត្ថិភាពយ៉ាងតឹងរ៉ឹង និងការសម្របសម្រួលជាមួយក្រសួងសុខាភិបាល ព្រមទាំងទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារ និងឱសថ (BPOM)។

បើតាមសម្តីរបស់លោក Dadan, លោកប្រធានាធិបតី Prabowo Subianto បានបញ្ជាឱ្យលោកពន្លឿនការដោះស្រាយបញ្ហាដ៏សើបនេះ ពីព្រោះកុមារ និងឪពុកម្តាយជាច្រើននៅតែរង់ចាំទទួលអាហារឥតគិតថ្លៃទាំងនេះ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានបញ្ជាក់ថា ការិយាល័យរបស់គាត់ រួមជាមួយនឹងទីភ្នាក់ងារ BPOM នឹងត្រួតពិនិត្យកម្មវិធីចែកអាហារឥតគិតថ្លៃ តាមរយៈប្រព័ន្ធរាយការណ៍ប្រចាំថ្ងៃ ទាក់ទិនករណីពុលអាហារ តាមរយៈមណ្ឌលសុខភាពសហគមន៍ (Puskesmas) និងភ្នាក់ងារសុខភាពក្នុងតំបន់។ ហើយអង្គភាពសុខភាពសាលារៀនក៏នឹងត្រួតពិនិត្យចំណីអាហារ មុនពេលចែកចាយផងដែរ។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ទីភ្នាក់ងារអាហារជាតិឥណ្ឌូណេស៊ីបានកត់ត្រាសិស្សពុលអាហាររហូតដល់ ៦,៤៥៧នាក់ទូទាំងប្រទេស ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីចែកអាហារឥតគិតថ្លៃ ចាប់តាំងពីពេលបើកដំណើរការដំបូងកាលពីខែមករា ហើយមានផ្ទះបាយចម្អិនអាហារយ៉ាងហោចណាស់ ៧២ទីតាំងចូលរួម៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា
