សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថ្នាំពេទ្យចំនួន ៤កេស ស្មើនឹង ៣៨.៤០០គ្រាប់ ដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាពកំពង់ថ្ម ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ បន្ទាប់ពីទទួលបានថ្នាំពេទ្យមួយចំនួនពីសប្បុរសជនប្រគល់ជូនមកកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនាំយកថ្នាំពេទ្យបញ្ចុះកម្តៅ និងព្យាបាលផ្តាសាយប្រភេទ ACETA-SANT 500 ចំនួន ៤កេស (ស្មើនឹង ៣៨.៤០០គ្រាប់) ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាពកំពង់ថ្ម ក្នុងខេត្តកំពង់ធំ ។

តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ឡុង នាយកនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានអញ្ជើញនាំយកថ្នាំពេទ្យបញ្ចុះកម្តៅ និងព្យាបាលផ្តាសាយប្រភេទ ACETA-SANT 500 ជូនមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ២កេស( ស្មើនឹង ១៩.២០០គ្រាប់) និងមណ្ឌលសុខភាពកំពង់ថ្ម ២កេស ( ស្មើនឹង ១៩.២០០គ្រាប់) សម្រាប់ចាត់ចែងបន្តដល់ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនីមួយៗ ដើម្បីសម្រួលសេវាព្យាបាលជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត ។

លោកវេជ្ជបណ្ឌិត កែវ ដារី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក គ្របដណ្តប់លើស្រុកចំនួន៣ រួមមាន ស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកតាំងគោក ដែលមានប្រជាជនចំនួន ២៩៧.៨៩៦នាក់ ក្នុងនោះមណ្ឌលសុខភាពកំពង់ថ្ម គ្របដណ្តប់លើ ១៤ភូមិ មានប្រជាជន ១១.៧៧៨នាក់ ។

លោកវេជ្ជ. ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក បានគោរពថ្លែងអំណរគុណចំពោះទឹកចិត្តជ្រះថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាក់ស្តែងថ្ងៃនេះសម្តេចបានផ្តល់អំណោយថ្នាំពេទ្យដែលជាតម្រូវការចាំបាច់ក្នុងការព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំផងដែរ។

លោកវេជ្ជ. សន្យាថានឹងបន្តប្រើប្រាស់ថ្នាំពេទ្យទាំងនេះឱ្យចាំគោលដៅ ដោយគ្រោងប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកមួយចំនួន និងធ្វើការបន្តចែកចាយទៅកាន់មណ្ឌលសុខភាពចំនួន២១ និងប៉ុស្តិ៍សុខភាពចំនួន៣ បន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយថ្នាំពេទ្យទាំងនេះបានមកពី សប្បុរសជន (ក្រុមហ៊ុន GFC PHARMA ) តាមរយៈកាកបាទក្រហមកម្ពុជា៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner