អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា ៖ វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិត១ គឺបានផ្តល់ជូននូវមូលដ្ឋានគ្រឹះរួមចំណែកជួយជំរុញឱ្យកីឡាហុកគីនៅកម្ពុជាកាន់តែរីកចម្រើន
(ភ្នំពេញ)៖ លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានថ្លែងបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាហុកគីកម្រិត១ គឺជាផ្នែកមួយផ្តល់ជូននូវមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្វឹកថ្មីៗយកទៅចែករំលែកបង្ហាត់ដល់ក្មេងៗដើម្បីពង្រីកធនធានកីឡាករកីឡាការិនីតាមបណ្តាក្លឹបកាន់តែសម្បូរបែប និងមានសក្កានុពល។
អគ្គលេខាធិការ សហព័ន្ធខាងលើ បានគូបញ្ជាក់ទៀតថា សិក្ខាកាមដែលមកចូលរួមវគ្គនេះ ភាគច្រើនជាកីឡាករកីឡាការិនីជម្រើសជាតិកីឡាហុកគី និងមួយចំនួនទៀតជាគ្រូបង្វឹកមកពីបណ្តាក្លឹប ហើយការបណ្តុះបណ្តាលនេះ គឺជាការជំរុញមួយឱ្យពួកគាត់វិវឌ្ឍខ្លួនក្លាយជាគ្រូបង្វឹកមានជំនាញបង្ហាត់ប្រកបដោយគុណភាព។
លោក អគ្គលេខាធិការ បានអះអាងទៀតថា ធនធានគ្រូបង្វឹកដែលឆ្លងកាត់វគ្គកីឡាហុកគីកម្រិត១នេះ ក៏ជាផ្នែកមួយដ៏មានសារៈសំខាន់ណាស់ក្នុងការផលិតធនធានកីឡាករកីឡាការិនីវ័យឆ្ពោះទៅរកគុណភាព នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ីក្នុងឆ្នាំ២០២៩ផងដែរ។
សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាហុកគីកម្រិត១ ដែលរៀបចំដោយគណៈកម្មាធិការអូឡាំពិកកម្ពុជា សហការដោយសហព័ន្ធកីឡាហុកគីកម្ពុជា តាមរយៈគម្រោងរបស់អង្គការសាមគ្គីអូឡាំពិក(OS)ដែលមានរយៈពេល៥ថ្ងៃនេះមកពី៥រាជធានី-ខេត្ត មានដូចជា ៖ រាជធានីភ្នំពេញ កំពង់ចាម .ពោធិ៍សាត់ សៀមរាប និង ខេត្ត កំពង់ធំ សរុប២៥នាក់ បង្ហាត់ដោយគ្រូឧទ្ទេស លោក តាហ៊ែ ហ្សាម៉ាន់ ជនជាតិប៉ាគីស្ថាន មកពីសហព័ន្ធកីឡាហុកគីឡាអន្តរជាតិ៕







រូបភាព ៖ ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ