រុស្ស៊ីព្រមានធ្ងន់ៗថា បើអាមេរិកបញ្ជូនមីស៊ីល Tomahawks នោះសង្គ្រាមអ៊ុយក្រែននឹងកាន់តែធ្ងន់ធ្ងរ

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានធ្ងន់ៗកាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់មីស៊ីល Tomahawks របស់អាមេរិកដល់អ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមកាន់តែរីកធំឡើង ដោយសារតែកាំជ្រួចរយៈចម្ងាយឆ្ងាយនេះអាចបំពាក់ក្បាលនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៊ី។

លោក Peskov បានអះអាងថា វាជារឿងសំខាន់ ដែលគួរតែយល់ដឹងទាក់ទងនឹងមីស៊ីល Tomahawks។ កាំជ្រួចរយៈចម្ងាយឆ្ងាយនេះ អាចមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ ដូច្នេះបើវាធ្លាក់ដល់ដៃអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ី នោះសង្គ្រាមក្នុងដំណាក់កាលថ្មី គឺជារឿងជៀសមិនរួចឡើយ។

ទោះបីជាយ៉ាងណា លោក Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែជឿជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានឆន្ទៈលើកកម្ពសដំណោះស្រាយនយោបាយដោយសន្តិភាពនៅអ៊ុយក្រែន។

កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចេញមុខព្រមានខ្លាំងៗ ទាក់ទិននឹងការផ្គត់ផ្គង់មីស៊ីល Tomahawks ដល់អ៊ុយក្រែនផងដែរ និងថា រឿងនេះនឹងប៉ះទង្គិចដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក។

ការព្រមានសាជាថ្មីរបស់រុស្ស៊ីនេះ កើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែនហើយ ប៉ុន្តែលោកថា មុនរឿងនេះកើតឡើង លោកចង់ស្វែងយល់ពីអ្វីដែលអ៊ុយក្រែននឹងធ្វើជាមួយកាំជ្រួចនេះ និងទីកន្លែងដែលពួកគេបញ្ជូនពួកគេទៅ ពីព្រោះលោកមិនចង់ដុតបញ្ឆេះភាពតានតឹងថែមទៀតទេ។

មីស៊ីល ATACMS របស់អាមេរិកបានផ្គត់ផ្គង់ដល់អ៊ុយក្រែនរួចហើយ សម្រាប់ការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី។ កាំជ្រួចទាំងនោះអាចហោះបានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ខណៈមីស៊ីល Tomahawks វិញអាចវាយប្រហារឆ្ងាយជាងដល់ទៅ ៥ដង៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner