សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការខកខានប្រជុំ JBC ចាប់តាំងពីខែកញ្ញា កន្លងទៅនេះ ដោយរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេស លើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង កម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេស ពាក់ព័ន្ធនឹងឧបទ្វវហេតុ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរ បានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះ ជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរ បានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផល នៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC) ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុ រង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ ។ កម្ពុជា សង្ឃឹមថា នឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហានេះ ៕
ដោយ ៖ វណ្ណលុក