ជប៉ុន សម្រេចផ្តល់ឥណទានសម្បទានជាង ៤៤លានយ៉េន សម្រាប់អនុវត្តគម្រោងចំនួន២ នៅកម្ពុជា
(ភ្នំពេញ)៖ ជប៉ុនសម្រេចផ្តល់ជំនួយជិត ៣០០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី ដល់រាជរដ្ឋាភិបាលកម្ពុជា ។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានចំនួន ៤៤.៤៣៧លានយ៉េន ស្មើនឹង ២៩៦លាន ២សែន ដុល្លាអាម៉េរិក បានធ្វើឡើងរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ។
ជំនួយឥណទានសម្បទានដែលរាជរដ្ឋាភិបាលជប៉ុនផ្តល់មករាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវក្រសួងការបរទេសបញ្ជាក់ថា គឺសម្រាប់អភិវឌ្ឍន៍គម្រោងចំនួន២ រួមមាន៖
- គម្រោងទី១ ទឹកប្រាក់ចំនួន ២១.៥២៦ លានយ៉េន ឬប្រមាណ ១៤៣លាន ៥សែនដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ។
- គម្រោងទី២ មានទឹកប្រាក់ចំនួន ២២.៩១១លានយ៉េន ឬប្រមាណ ១៥២លាន ៧សែនដុល្លារ អាម៉េរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ ដំណាក់កាលទី៣ ។
សូមបញ្ជាក់ថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ ក្រោមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ការផ្តល់ជំនួយរបស់ជប៉ុនមកកម្ពុជាបច្ចុប្បន្ន ត្រូវគេឃើញថា បានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើវិស័យជាច្រើនដូចជា៖ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, វិស័យអប់រំ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល, ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម ។ បន្ថែមពីនោះ ជប៉ុននូវបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឥតសំណង សរុបប្រមណ ១លាន ៨សែនដុល្លារអាមេរិក ក្រោយមើលឃើញពីផលប៉ះពាល់ និងទំហំនៃការខូចខាតធ្ងន់ធ្ងរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ផងដែរ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ



