ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីស្តង់ដារបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធភាពវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (ICT)

(ភ្នំពេញ)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីស្តង់ដារបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធភាពវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅសណ្ឋាគារសាន់អេនម៉ូន រីវើសាយ ដោយមានការចូលរួមពីថ្នាថ្នាក់ដឹកនាំ សមាជិក សមាជិកា ស្ថាប័ន ក្រសួង ក្រុមហ៊ុនឯកជន ក្រុមការងារសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ព្រមទាំងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ (១) ពង្រឹងសមត្ថភាព និងចំណេះដឹងដល់មន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗដែលកំពុងធ្វើការលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង
បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអនុវត្តការងារ និងការផ្តល់សេវាសាធារណៈ (២) គាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រការធ្វើបរិវត្តកម្មឌីជីថលរបស់វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងប្រព័ន្ធអេកូឡូស៊ី (៣) បំពេញគម្លាតស្តង់ដាររវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

សូមជម្រាបជូនថា ដើម្បីឱ្យអ្នកចូលរួមបានយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាសាលាបានបែងចែកជា៣ថ្ងៃគឺ៖ ថ្ងៃទី១ ផ្តោតលើការណែនាំអំពី ITU និង ITU-T កម្មវិធីបញ្ញាសិប្បនិម្មិត (AI) និងដំណើរការស្តង់ដារ ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋាន និងការត្រៀមខ្លួនសម្រាប់សកម្មភាពក្រុម។ ថ្ងៃទី២ នឹងគ្របដណ្តប់អំពីស្តង់ដារ និងការអនុវត្តជាក់ស្តែងនៃ AI តាមរយៈ Role-play exercise ការសិក្សាឧទាហរណ៍គំរូពីប្រទេសក្នុងតំបន់ និងវគ្គ Innovation Café ដើម្បីបណ្តុះគំនិតដំណោះស្រាយក្នុងការធ្វើបរិវត្តកម្មឌីជីថល។ ថ្ងៃទី៣ នឹងមានការធ្វើបទបង្ហាញអំពីនវានុវត្តន៍ និងការវាយតម្លៃចំណេះដឹងលើប្រធានបទដែលបានលើកឡើងក្នុងកម្មវិធីទាំង៣ថ្ងៃ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner