សម្តេចតេជោ ៖ ជារឿងល្អដែលប្រជាជនយើងនៅព្រំដែន ជាពិសេសនៅប៉ោយប៉ែត មានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហោះសារលើបណ្ដាញសង្គមនាយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ថា ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែន ពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀល តាំងពីខ្ញុំបង្ហោះសារបានប្រមាណ ២ម៉ោង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

វាជារឿងល្អដែលប្រជាជនកម្ពុជា ប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ ។

ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់ ។

ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ ។

ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ ។

ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំ នៅធ្វើនាយករដ្ឋមន្ត្រី ដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ) ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner